សន្ដិសុខសង្គម

កម្មករអូសរទេះមិនទាន់តវ៉ាជាថ្មីលើមន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ករណីរឹតបន្តឹងការបង់ពន្ធទំនិញនាំចូល

ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ:ក្រោយសម្របសម្រួលកន្លងមក នាថ្ងៃបន្តបន្ទាប់មកទល់ថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៤ នេះ ពួកកម្មករអូសរទេះហាក់ស្ថិតក្នុងភាពស្ងប់ចិត្ត មិនទាន់ធ្វើការតវ៉ាជាថ្មីលើមន្ត្រីគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ករណីរឹតបន្តឹងការត្រួតពិនិត្យបង់ពន្ធទំនិញនាំចូលដែលពួកខ្លួនស៊ីឈ្នួលដឹកឬជ្រែអោយគេ(ម្ចាស់ទំនិញ) នោះ ។

សូមរំលឹកថា កាលពីថ្ងៃទី២៥ខែឧសភា កន្លងមក លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បាននិយាយថា: ដើម្បីបញ្ចៀសនិងបញ្ចប់ការបិទផ្លូវច្រកព្រំដែននិងតវ៉ាបង្កប៉ះពាល់សណ្តាប់ធ្នាប់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គឺមានតែស្នើដល់មន្ត្រីគយ សុំលើកលែងពន្ធមួយជើង សម្រាប់ទំនិញជាប់ពន្ធ ។

មន្ត្រីគយក៏យល់និងធ្វើតាម ។ ក្រុមកម្មករតវ៉ាដែលលើកគ្នានិងយករទេះមកបិទផ្លូវច្រកមួយចំហៀងអស់រយ:ពេលជាង១ម៉ោង ក៏យល់ព្រមបើកផ្លូវដឹកជញ្ជូនចេញពីច្រកទ្វារ សមត្ថកិច្ចជំនាញសម្រួលចរាចរណ៍រៀបចំសណ្តាប់ធ្នាប់ជាធម្មតាឡើងវិញ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្មករអូសរទេះពី៥០ទៅ៦០នាក់ បានធ្វើការតវ៉ាជាមួយនឹងមន្ត្រីគយនិងរដ្ឋាករ មន្ត្រីនគរបាលអន្តោប្រវេសន៍(ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត) នៅពេលដែលសមត្ថកិច្ចគយរឹតបន្តឹងការត្រួតពិនិត្យទំនិញជាប់ពន្ធនាំចូល ។

កាលណោះកម្មករអូសរទេះបានតវ៉ាថា៖ មូលហេតុដែលពួកគាត់ធ្វើការតវ៉ានៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះតែមន្ត្រីគយ និងរដ្ឋាករ ត្រូវឃាត់ទំនិញតាមរទេះអូសតូច បន្តិចបន្តួចគ្រាន់បានចិញ្ចឹមជីវិត របស់ពួកគាត់ដែលស៊ីឈ្នួលដឹកឲ្យឈ្មួញឬម្ចាស់ទំនិញពីផ្សាររោងក្លឿប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងដឹកសម្ភារ វ៉ាលិសរបស់ភ្ញៀវទេសចរត្រូវបានឃាត់ត្រួតពិនិត្យយ៉ាងតឹងតែងរកទំនិញ ។

កម្មករបន្តថា: បើទំនិញរទេះខ្លះរបស់ពួកខ្លួនមិនអាចត្រូវដឹកបានស្រួល យ៉ាងរលូននិងអនុគ្រោះដូចមុន នោះជីវភាពឬអង្ករច្រកឆ្នាំងរបស់ពួកគាត់នឹងជួបការលំបាក់និងទុក្ខធំហើយ។

ពួកកម្មករអូររទេះទាំងនោះស្នើអន្តរាគមន៍សម្របសម្រួលដោះស្រាយពីលោកអភិបាលខេត្តនិងអភិបាលក្រុងប៉ោយប៉ែតមេត្តាជើម្បីឲ្យពួកខ្លួនបានដឹកធម្មតា រលូននូវទំនិញនិងអីវ៉ាន់តូចតាចចេញ.ចូលបានដូចមុន ។

ករណីនោះ មន្ត្រីគយនិងរដ្ឋាករច្រកទ្វារការិយាល័យព្រំដែនអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ មូលហេតុការរឹតបន្តឹងការត្រួតពិនិត្យរទេះដឹកទំនិញគឺដើម្បីទប់ស្កាត់ការលួចបង្កប់ទំនិញជាប់ពន្ធច្រើននិងទំនិញខុសច្បាប់ ព្រមទៃងខូចគុណភាពឬហួសកាលកំណត់ប្រើប្រាស់ដែលកម្មករអូសរទេះខ្លះបានលួចបង្កប់ឬបន្លំដឹកនាំចូលពីប្រទេសជិតខាង។ ទំនិញខ្លះ ជាប់ពន្ធខ្ពស់ណាស បើមិនបង់ពន្ធគឺនាំអោយខាតបង់ចំណូលពន្ធច្រើនដែរ ។

មន្ត្រីគយបានបន្តថា :នោះជាពង្រឹងនូវការប្រមូលពន្ធគយដែលជាថវិកាជូនរដ្ឋ ។ប៉ុន្តែនៅពេលដែលមន្ត្រីជំនាញគយធ្វើការត្រួតពិនិត្យ រឹតបន្តឹងក៏ត្រូវបានបងប្អូនកម្មករអូសរទេះផ្ទុះការតវ៉ានិងបង្កូកគ្នាឡាំប៉ាខ្លាំងៗដូច្នេះ ។

មន្ត្រីគយបន្តថា : ម្យ៉ាងវិញទៀត ការដឹកក្នុងរទេះបែបនេះ បើមើលមួយក្រឡេក ដូចជាតូចតាច តិចតួច ។ប៉ុន្តែដល់គិតក្នុង១ថ្ងៃៗក្នុងមួយថ្ងៃៗ ជាច្រើនឬរាប់សិបជើង ទំនិញមិនតិចនោះទេ ។វាបាត់បង់ចំណូលពន្ធរដ្ឋច្រើនណាស់ ហើយលើសពីនោះ នៅច្រកទ្វារអន្តរជាតិព្រំដែនប៉ោយប៉ែតនេះ នៅមានតែទំនិញដឹកនាំរទេះនិងយានយន្តតូច មួយចំនួនតូចប៉ុណ្ណោះ។
ទំនិញច្រើននិងធំកំភួនត្រូវបានបង្វែរទៅដឹកតាមរថយន្តធំៗតាមច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀនឯណោះតាំងពីឆេះកាស៊ីណូកាលពីចុងឆ្នាំ២០២២ មកម្ល៉េះ ។ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវទុកប្រើប្រាសសម្រាប់តែមនុស្ស(អ្នកដំណើរនិងភ្ញៀវទេសចរ)ឆ្លងកាត់តែប៉ុណ្ណោះ ។

លោក វ៉ាន់ ដារ៉ាន់ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបាមឲ្យដឹងថា៖ រាល់ទំនិញគ្រប់ប្រភេទគឺតម្រូវឲ្យដឹកចេញ.ចូលតាមច្រកទ្វារអន្តរជាតិស្ទឹងបត់ឯណោះទេ។
ឯទំនិញជារបស់ប្រើប្រាស់និងម្ហូបអាហារប្រចាំថ្ងៃមួយចំនួនតូចប៉ុណ្ណោះដែលទុកឲ្យកម្មករអូសរទេះអាចដឹកឆ្លងដែនបាន។

ទោះយ៉ាងណា ដាច់ខាតមិនត្រូវលួចលាក់ឬបង្កប់ក្នុងរទេះនូវការដឹកទំនិញគេចពន្ធ ហើយច្រើនរទេះ ដឹកជញ្ជូនដូចសត្វកណ្តៀរនោះឡើយ ។

លោកបានបន្តថា: ដើម្បីបង្ការការពារពីការបាត់បង់ចំណូលរដ្ឋ ទើបមន្ត្រីគយ និងរដ្ឋាករសហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍រឹតបន្តឹងការត្រួតពិនិត្យរទេះដឹកទំនិញភ្ញៀវនិងរថយន្តដែលចេញ.ចូលដើម្បីទប់ស្កាត់ទំនិញគេចពន្ធពង្រឹងចំណូលពន្ធរដ្ឋដូច្នេះ ៕