ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ ៖ ជនសង្ស័យដែលគេចខ្លួនពីបទល្មើសនេសាទចាស់នៅអាងត្រពាំងថ្ម ឥឡូវត្រូវបានចាប់ខ្លួនក្នុងបទល្មើសដដែល តែប្រព្រឹត្តថ្មី។ សមត្ថកិច្ចជំនាញបរិស្ថានដែលជាម្ចាស់ករណីនេះ ហើយក្នុងនាមមន្ត្រីនគរបាលយុត្តិធម៌បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាការ ហើយចៅក្រមស៊ើបសួរបានចេញឃុំបណ្តោះអាសន្ននាពេលកន្លងមកនេះ។ប៉ុន្តែរឿងនេះសមត្ថកិច្ចបានព្យាយាមមិនផ្តល់ព័ត៌មានឡើយ ហេតុនេះទើបមានប្រភពផ្សេងបានទម្លាយអោយដឹងកាលពីថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៤ ។
ប្រភពគួរអោយទុកចិត្តបានអោយដឹងថា: សមត្ថកិច្ចចម្រុះ មានមន្ត្រីអភិរក្សតំបន់ការពារធម្មជាតិអាងត្រពាំងថ្មនៃមន្ទីរបរិស្ថានខេត្ត មន្ត្រីអាជ្ញាធរដែនដី នគរបាលប៉ុស្ដិ៍ឃុំប៉ោយចារ ឃុំស្រះជីក និងនគរបាលស្រុកភ្នំស្រុក កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៣និង៣០នាទីរសៀលដែលដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក់ អធិការនគរបាលស្រុកប្រដាប់ដោយអាវុធនិងមធ្យោបាយបានចុះបង្ក្រាបបទល្មើសនេសាទ (ឆក់ត្រី) នៅចំណុចចកតូច ស្ថិតក្នុងអាងត្រពាំងថ្ម ភូមិសាស្ត្រឃុំប៉ោយចារ ។
ជាលទ្ធផលនៃការបង្ក្រាបនោះ បានឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ១.ឈ្មោះ វើយ ចាន់រុំ ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិឈូកអាង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យនិង២.ឈ្មោះ ងួន យ៉ាន់ ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ប្រភពបន្តថា សមត្ថកិច្ចបានដកហូតវត្ថុតាងសម្ភាររួមមាន :១. -ទូកស្មាច់ចំនួន១គ្រឿង, ២.-ម៉ូទ័រឆក់ត្រីចំនួន ១គ្រឿង, ៣.កាំបិតខ្វេវដងឈើប្រវែង៦៤ស.ម ចំនួន ១ ដើម ,៤. ត្រកចំនួន ១ និង៥.ធុងសម្រាប់ដាក់ត្រីចំនួន១ ។
ករណីនេះត្រូវសមត្ថកិច្ចបានធ្វើការប្រគល់ជនសង្ស័យ និងវត្ថុតាងឲ្យទៅមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យដើម្បីអនុវត្តនីតិវិធីបន្ត។
ទាក់ទិនករណីនេះ សារព័ត៌មានបានព្យាយាមសួរសុំការបំភ្លឺពីលោកយឹម លី ប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ ប៉ុន្តែលោកថា លោកជាប់បេសសកម្មក្រៅខេត្ត ហេតុនេះអោយសួរទៅលោកសំ ជំនិត អនុប្រធានមន្ទីរវិញ ទើបជាអ្នកកាន់រឿងនេះ ។
លុះដល់សារព័ត៌មានសួរទៅលោកអនុប្រធានរូបនេះ លោកថា លោកមិនហ៊ានផ្តល់ព័ត៌មានទេ ហេតុនេះក៏បង្វែរអោយទៅសួរលោកប្រធានវិញ ។ហេតុនេះបានរឿងនេះទើបតែធ្លាយចេញពេលនេះ។
សូមរំលឹកថា ជនសង្ស័យខាងលើនិងបក្ខពួកបានប្រព្រឹត្តបទល្មើសនេសាទបន្តបន្ទាប់នៅអាងត្រពាំងថ្មនេះ ហើយសមត្ថកិច្ចមានដីកាពីតុលការអោយតាមចាប់ខ្លួនផងដែរ។
គឺកាលពីល្ងាច ថ្ងៃទី២២ខែមេសាឆ្នាំ២០២៣ កន្លងមកក្រុមឧទ្យានុរក្សដឹកនាំដោយលោកអនុប្រធានមន្ទីរបរិស្ថានម្នាក់ ឧទ្យានុរក្ស សមាជិកសហគមន៍តំបន់ការពារធម្មជាតិ ទេសចរណ៍អាងត្រពាំងថ្ម(នៃមន្ទីរបរិស្ថានខេត្ត) បានចុះទៅល្បាតក្នុងអាង ។ក្នុងនោះបានរកឃើញវត្ថុតាងបទល្មើសនេសាទរួមមានអាយកូម(វិទ្យុទាក់ទង ) ទូរសព្ទ ឧបករណ៍ឆក់ កាំភ្លើងខ្យល់ ដែលជនល្មើសរត់ចោល។ដល់ម៉ោង៨យប់ ក្រុមប្រជានេសាទល្មើស១ក្រុមមានគ្នា៦-៧នាក់បានជិះទូក១គ្រឿងវិលមករំដោះវត្ថុតាងនិងបាឡូ១ដែលក្នុងនោះមានឯកសារនិងលុយ៦លានរៀល ។
ក្រុមល្មើសបានស្រែកសន្ធាប់បិទខ្ទប់និងវាយនឹងដំបង ដងដោល ដងចង្វាសង្គ្រប់លើក្រុមល្បាត ដែលមានចំនួន៦-៧នាក់ដែរ ។
អំពើហិង្សានោះបង្កអោយឧទ្យានុរក្ស(មន្ត្រីបរិស្ថាន)ម្នាក់ឈ្មោះថៃ សុខន ភេទប្រុស អាយុ៣៦ រងរបួសស្រាលនិងសមាជិកសហគមន៍មនម្នាក់ឈ្មោះស្មិញ ខ្មៅ ភេទប្រុសអាយុ៦០ឆ្នាំ បានរងរបួសធ្ងន់ត្រង់ក្បាល ដៃនិងដងខ្លួន ។ ចំណែកខាងប្រជានេសាទល្មើសក៏មានអ្នករងរបួសផងដែរ ។
ក៏មានការវាយតបតទៅវិញ ហើយទីបំផុតក្រុមប្រជានេសាទយកបាឡូនោះបាន ហើយចេញទៅ ។ប៉ុន្តែវត្ថុតាងផ្សេងត្រូវក្រុមល្បាតបានបញ្ជូនចេញផុតតាមទូក១គ្រឿងផ្សេងទៀត ។ក្នុងចំណោមជនល្មើស ក៏មានឈ្មោះជនសង្ស័យទាំង២នាក់ផងដែរ។
ស្ថានភាពគ្រោះថ្នាក់នោះ ក្រុមការងារបានទាក់ទងលោកយឹម លី ប្រធានមន្ទីរបរិស្ថានខេត្តៗក៏បានសុំអន្តរគមន៍ទៅលោកកើត សុវណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ហើយលោកបញ្ជាកម្លាំងនគរបាលអោយទៅជួយ។
ឆ្លើយតបករណីនេះ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យប្រាប់ខណ:ប្រតិភូមួយពីក្រសួងបរិស្ថាន ដែលក៏នឹងពិនិត្យ ស្រាវជ្រាវករណីនេះ នឹងទៅបំពេញការងារនៅខេត្តបន្ទាយមានជ័យនិងតំបន់ការពារធម្មជាតិអាងត្រពាំងថ្មនៅថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២៣ ថា : ករណីនេះត្រូវបែងចែកគ្នាអោយច្បាស់ មិនអាចផ្តេកផ្តួលទៅសភាពការណ៍ណាទេ។ពោលគឺមិនអាចអោយជនល្មើសរួចខ្លួនទេ ព្រោះពួកគេបានប្រព្រឹត្តបទល្មើសនេសាទដោយចេតនានិងជាក់ស្តែង ហើយគឃ្លើនបង្កអោយក្រុមល្បាតមានរបួសស្នាមថែមទៀតនោះ ។
កាលពីថ្ងៃទី២២ ជខែឧសភាឆ្នាំ២០២៤ នៅចំណុចសំណង់ទ្វារទឹកទី១ មាត់អាងត្រពាំងថ្មមានកិច្ចប្រជុំពិសេសមួយរកដំណោះស្រាយករណីនេសាទខុសច្បាប់ និងដាក់វិធានការការពារធនធានធម្មជាតិអាងត្រពាំងថ្ម ក្រោមអធិបតីភាព លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីលោកឃ្លោក នួយ អភិបាលរងខេត្តនិងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកភ្នំស្រុក លោកប្រធានមន្ទីរកសិកម្ម.រុក្ខាប្រមាញ់និងនេសាទ ,ប្រធានមន្ទីរបរិស្ថាន ,មន្ត្រីអង្គភាពពាក់ព័ន្ធ លោកជូ បុត្រ ភិបាលស្រុកភ្នំស្រុក មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចស្រុក ឃុំ ភូមិ មន្ត្រីជំនាញនិងសហគមន៍នៃតំបន់ការពារធម្មជាតិ ទេសចរណ៍អាងត្រពាំងថ្ម ។
របៀបវារ:សំខាន់នៃកិច្ចជុំដោះស្រាយកករណីនេសាទខុសច្បាប់នៅក្នុងអាងត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ដែលមកទល់ពេលនេះបទល្មើសនេសាទនិងចំនួនជនល្មើសបានកើនទ្វេដងលើផ្ទៃទឹកអាងកាន់តែរីងរាក់ស្រកទៅៗ ៕