សន្ដិសុខសង្គម

សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបានជាង២០០គីឡូក្រាមនៅខេត្តស្ទឹងត្រែង

ដោយ៖រតនា
ស្ទឹងត្រែង៖ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលព្រំដែនខេត្តស្ទឹងត្រែង បានស្ទាក់ចាប់រថយន្តទំនើបៗចំនួន៤គ្រឿងនិងរឹបអូសបានគ្រឿងញៀនចំនួនជាង២៥៧គីឡូក្រាម ចាប់ខ្លួនមនុស្សមួយចំនួនកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។

ប្រភពព័ត៌មានដែលសារព័ត៌មានCambodia Flash News ទើបនឹងទទួលបាន បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះធ្វើឡើងនៅតាមដងផ្លូវជាតិលេខ៧ ចន្លោះពីភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យព្រំដែនកម្ពុជាឡាវមកដល់ក្រុងស្ទឹងត្រែង ។

ប្រភពដដែលបានឱ្យដឹងទៀតថា នៅពេលចុះបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចបានផ្ទុះអាវុធហើយឃាត់បានរថយន្តម៉ាកទំនើបៗចំនួន៤គ្រឿង និងកញ្ចប់គ្រឿងញៀនដែលវេចខ្ចប់ច្រកយ៉ាងត្រឹមត្រូវដាក់នៅក្នុងរថយន្តនោះ។

នៅពេលបង្ក្រាបនោះសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យមួយចំនួន ហើយកំពុងបន្តស្វែងរកមុខសញ្ញាជួញដូរគ្រឿងញៀនដែលកំពុងតែរត់គេចខ្លួន។ជាមួយនោះសមត្ថកិច្ចក៏កំពុងតែស្វែងរកចាប់ខ្លួនអ្នកជាប់ពាក់ព័ន្ធនៅភ្នំពេញជាបន្តទៀតដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕