ព័ត៌មានជាតិ

កៅអីអធិការនគរបាលក្រុងប៉ោយប៉ែតនឹងត្រូវផ្តល់ដល់លោកវរសេនីយ៍ព្រហ្ម ពិសិដ្ឋ ,ស្រុកមង្គលបូរីផ្តល់ជូនលោកវរសេនីយ៍ឌី ទាវ

ដោយ :បន្ទាយ
បន្ទាយមានជ័យ៖ក្រសួងមហាផ្ទៃបានទទួលឯកភាពលើសំណើរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយសម្រេចតែងតាំងអធិការថ្មី២រូប ជាមន្ត្រីដែលបាននិងកំពុងបម្រើការនៅនឹងមូលដ្ឋាន ។ ជាអធិការរងនៃអធិការដ្ឋាននគរបាលក្រុងនិងជានាយរងការិយាល័យនៃស្នងការដ្ឋាន។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ

យោងប្រកាសស្តីពីការផ្ទេរនិងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិលេខ២៣៨២ ប្រក ចុះថ្ងៃទី២០ខែឧសភាឆ្នាំ២០២៤ ចុះហត្ថលេខាដោយលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិចំនួន២រូបនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ : ទី១-លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អត្តលេខ២២៦១៣ អធិការរង ជាអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។ ២-លោកវរសេនីយ៍ទោ ឌី ទាវ អត្តលេខ៦៣១៤៤ ពីនាយរងការិយាល័យការិយាល័យគ្រប់គ្រងជនបរទេស ទៅជាអធិការនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ។

លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត​ ដែលទទួលមរណភាព

លោកវរសេនីយ៍ទោព្រហ្ម ពិសិដ្ឋ ដែលជាអធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ធ្លាប់បម្រើការងារជាមួយអធិការជាច្រើនអាណត្តិមកហើយនោះ ត្រូវឡើងជំនួសលោកវរសេនីយ៍ឯកសៅ សារឿន អធិការចាស់ដែលទទួលមរណភាពដោយរោគាពាធកាលពីយប់ថ្ងៃទី១១ខែមេសាឆ្នាំ២០២៤ កន្លងមក ។
ម្យ៉ាងទៀត លោកក៏បានកាន់ការជាអធិការរង ទទួលជំនួសលើការងារមកដែរ ក្នុងពេលលោកសៅ សារឿនជមានជំងឺធ្ងន់ ហើយត្រូវទៅពិនិត្យនិងព្យាបាល ។លោកមានវ័យចំណាស់ទៅហើយ ក៏មានលំនៅឋាននៅក្រុងប៉ោយប៉ែតរហូតមកដែរ ។

លោកវរសេនីយ៍ឌី ទាវ អធិការថ្មីនគរបាលស្រុកមង្គលបូរី

លោកមានជំនាញព្រហ្មទណ្ឌ ហើយមានភាពប៉ិនប្រសប់លើការងារនេះនិងស្នាដៃលេចធ្លោលើការទប់ស្កាត់ ពិសេសការបង្ក្រាបបទល្មើ់សព្រហ្មទណ្ឌ ។ នៅប៉ោយប៉ែត អ្នកខ្លះហៅលោកថា ” ព្រហ្ម ពិសិដ្ឋ ប៉ូលិសព្រហ្មទណ្ឌ ” ។

លោកវរសេនីយ៍ឯកស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីដែលចូលនិវត្តន៍

ចំណែកលោកវរសេនីយ៍ទោឌី ទាវ មានស្រុកកំណើតនិងមានលំនៅបច្ចុប្បន្ននៅស្រុកមង្គលបូរី ធ្លាប់បម្រើការនៅអធិការដ្ឋានស្រុកនេះផងដែរមុននឹងក្លាយជានាយរងការិយាល័យនៃស្នងការដ្ឋានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកជាយុវជន ហើយពន្លេចខ្លួនក្នុងការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជាហៅកាត់ថា សសយក និងក្រុមការងារយុវជនអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ។

គេមិនឃើញលោកឌី ទាវ មានស្នាដៃឬភាពលេចធ្លោអ្វីលើការងារជំនាញនគរបាលនោះទេ។ ប៉ុន្តែ មួយរយ:ចុងក្រោយមុនបានការតែងតាំងនេះ គេឃើញលោក សកម្មលើការងារគណបក្ស ការងារមនុស្សធម៌ ការងារយុវជនដូចជាចែកអំណោយ ការជួយសង្គ្រោះជាដើម ។

ទាក់ទិននឹងពិធីផ្លូវការតម្លើងឋានន្តស័ក្តិ ផ្ទេរភារកិច្ចនិងប្រគល់មុខតំណែងដល់អធិការនគរបាលទាំង២រូបនៅពេលណានោះ ? មន្ត្រីការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មានថ្ងៃទី២៤ខែឧសភាថា: ពិធីនោះ ស្នងការដ្ឋានបានស្នើសុំគោលការណ៍និងអនុសាសន៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ អនុញ្ញាតកាលបរិច្ឆេទពេលវេលាសមស្របណាមួយអោយនគរបាលខេត្តនិងស្រុក ក្រុងប្រារព្ធពិធី ៕