ដោយ : បន្ទាយ
បន្ទាយមានជ័យ :ក្រសួងនិងអាជ្ញាធរបានយល់ព្រមបើកបង្ហូរទឹកពីអាងត្រពាំងថ្មជួយសម្រួលនូវការលំបាករបស់ប្រជាពលរដ្ឋលើការភ្ជួររាស់ដីនិងព្រោះស្រូវរដូវវស្សា ។
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោកឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹកនិងឧតុនិយមនិងលោកចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញប្រចាំខេត្តបន្ទាយមានជ័យ រួមនឹងលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត កាលពីថ្ងៃទី២២ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារមន្ទីរ និងមានការចូលរួមពីលោក អភិបាលរងស្រុកភ្នំស្រុក ក្រុមប្រឹក្សាឃុំប៉ោយចារ មេឃុំប៉ោយចារ សហគមន៍កសិករប្រើប្រាស់ទឹកអាងត្រពាំងថ្ម និងប្រជាពលរដ្ឋ សរុប២៣នាក់ បានចុះអន្តរាគមន៍បើកបង្ហូរទឹកពីអាងត្រពាំងថ្ម ដើម្បីជួយសម្រួលនូវការលំបាករបស់ប្រជាពលរដ្ឋ លើការភ្ជួររាស់ដី និងព្រោះស្រូវរដូវវស្សាចំនួន២ ០០០ហិកតា នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ។
បើយោងមន្ត្រីជំនាញធនធានទឹកនិងនិងមន្ត្រីអាជ្ញាធរដនដីអោយសារព័ត៌មានដឹងកាលពីថ្ងៃទី២៤ខែឧសភាថា: ការអន្តរាគមន៍បើកបង្ហូរទឹកពីអាងត្រពាំងថ្មនេះ គឺមានចំនួន ៣ទីតាំងរួមមាន÷
ទីតាំងទី១: ត្រង់ចំណុចលូដើមពុទ្រា
ទីតាំងទី២: ត្រង់ចំណុចលូសួង
ទីតាំងទី៣: ត្រង់ចំណុចលូកំពង់ធំ
ចំណែកបងប្អូនប្រជាពលរដ្ឋជាកសិករបានមានសំណូមពរ ថា: ទី១-សុំឱ្យបើកបង្ហូររយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ និងទី២-មន្ទីរបានឯកភាពទាំងស្រុងនូវការស្នើសុំរបស់ប្រជាពលរដ្ឋ និងធ្វើការបិទទ្វារទឹកទាំងអស់វិញនៅពេលទឹកស្រកចុះ២តឹកឬ០,២ម ៕