សន្ដិសុខសង្គម

ចាប់ខ្លួនជនជាតិវៀតណាម៣នាក់ករណីគ្រឿងញៀនបញ្ជូនទៅតុលាការ

ដោយ÷សុខុម
ភ្នំពេញ÷មន្ទីរប្រឆាំងគ្រឿងញៀននៅថ្ងៃទី២២ឧសភា២០២៤ បានបង្ហាញពីករណីបង្ក្រាបរក្សារទុក ជួញដូរ និងកែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ រឹបអូសថ្នាំញៀនជាង២៥គីឡូក្រាម និងសារធាតុគីមីផ្សំជាង៨០គីឡូក្រាមកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

សូមជម្រាបជូនថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) សហការជាមួយស្នងការរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សារទុក ជួញដូរ និងកែច្នៃ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ៣គោលដៅ៖ គោលដៅទី១ តាមបណ្តោយផ្លូវ៥១ ក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, គោលដៅទី២ នៅខុនដូខាឡា(CALLA)បន្ទប់លេខ១១០៥ ជាន់ទី១១ ផ្លូវលេខ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងគោលដៅទី៣ ខុនដូ Time Square បន្ទប់លេខ១២H ជាន់ទី១២ ផ្លូវ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជាលទ្ធផល៖ ចាប់ខ្លួនជនសង្ស័យជនជាតិវៀតណាម៣នាក់ ស្រី០១នាក់៖ ១.ឈ្មោះ ង្វៀង ម៉ាញ់ហា ភេទប្រុស អាយុ៣០ឆ្នាំ  ២.ឈ្មោះ យឿង ឌឹក ភេទប្រុស អាយុ៣៦ឆ្នាំ និង
៣.ឈ្មោះ ង្វៀង ធីឡាន ភេទស្រី អាយុ៤១ឆ្នាំ ។

វត្ថុតាងចាប់យករួមមាន៖  ១. គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(MDMA) ទម្ងន់ ១៥៤៧៧,៦៨ ក្រាម, ២. គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ២៣៦៧,៣១ក្រាម, ៣.គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៧២២៦ក្រាម,  ៤.គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ((Heroine) ទម្ងន់ ៣១,២១ក្រាម
,៥.សារធាតុគីមីផ្សំ ទម្ងន់សរុប ៨១៤៩០,៨៤ក្រាម (៨១គីឡូ ៤៩០,៨៤ក្រាម)
វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ២៥១០២,២ក្រាម (២៥គីឡូ ១០២,២ក្រាម)៕