សន្ដិសុខសង្គម

កងឯកភាពកម្ចាត់មីនទី១ បោសសម្អាតមីននៅចំណុចដីអតីតគម្របព្រៃភូមិអណ្តូងថ្មមាស សង្កាត់និមិត្ត  រកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ៨៩គ្រាប់

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ កងឯកភាពកំចាត់មីនទី១ខេត្តបន្ទាយមានជ័យ(ស៊ីម៉ាក់:CMAC) បានបោសសម្អាតមីនតាមការស្នើសុំបន្ថែមមួយនៅចំណុចដីអតីតគម្របព្រៃ ភូមិអណ្តូងថ្មមាស សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានរកឃើញគ្រាប់យុទ្ធណ្ឌមិនទាន់ផ្ទុះច្រើនប្រភេទចំនួន៨៩គ្រាប់។

នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងនៅថ្ងៃទី២២ខែឧសភា ឆ្នាំ២០២៤ថា៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះមាន៖១-គ្រាប់បែកដៃ M67 ចំនួន ៨០ គ្រាប់ ផលិតនៅUSA ,២-គ្រាប់ត្បាល់ ៨២mm  ចំនួន ០២ គ្រាប់ ផលិតនៅប្រទេសចិន ,៣-ក្បាលផ្ទុះចំនួន ០៦ គ្រាប់ ផលិតនៅប្រទេសចិននិង៤-មីន POMZចំនួន ០១ គ្រាប់ ផលិតនៅប្រទេសសូវៀត ។

មន្ត្រីជំនាញផ្នែកគ្រាប់មីន យុទ្ធភណ្ឌនិងកម្ទេចរបស់ស៊ីម៉ាក់អោយដឹងថា:គ្រាប់យុទ្ធភណ្ឌទាំងនោះបានខូចគុណភាពទៅហើយដែរសម្រាប់ការប្រើប្រាស ប៉ុន្តែចំពោះលទ្ធភាពផ្ទុះបង្កគ្រោះថ្នាក់ វានៅមាននៅឡើយ។
ហេតុនេះ ពេលប្រជាពលរដ្ឋម្ចាស់ដីនិងអាជ្ញាធរបានរកឃើញ និងទទួលព័ត៏មានពីប្រវត្តិទីតាំងនោះកាលពីសម័យសង្ក្រាម ក៏ស្នើសុំមកស៊ីម៉ាកដើម្បីទៅបោសសម្អាតជាផ្លូវការ ព្រោះថាកន្លងមក អ្នកទិញ លក់ដីធ្លី តែងតែជួលអ្នកស៊ីឈ្នួលឯកជនដោះមីនលើដីខ្លួន ដែលមិនធានាសុវត្ថិភាពទាំងស្រុង ៕