ដោយ៖ គង់ហេង
កំពង់ចាម៖ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងផ្តល់ស្ពានប្រភេទបេតុងចំនួន ប្រាំបី កន្លែងដល់ខេត្តកំពង់ចាម និងខេត្តព្រៃវែង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៃខេត្តទាំងពីរ។
នេះបើតាមការឱ្យដឹងពីលោក ស៊ីម គង់ ជាអភិបាលស្រុកស្រីសន្ធរ ដែលបានអមដំណើរឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាព និងវឌ្ឍនភាព ការងារស្ថាបនាផ្លូវ និងស្ពាន នៅស្រុកបាធាយ,ស្រុកស្រីសន្ធរ និងស្រុកកោះសូទិន កាលពីថ្ងៃទី ២១ ឧសភាម្សិលមិញ។
លោកអភិបាលស្រុកស្រីសន្ធរបានប្រាប់ថា៖ ក្នុងនោះទន្លេតូចរបស់ខេត្តព្រៃវែងចំនួន បួន កន្លែង ក្នុងស្រុកស៊ីធរកណ្តាល និងទន្លេតូចរបស់ខេត្តកំពង់ចាមចំនួន បួន កន្លែងដែរ គឺទន្លេតូចស្រុកកោះសូទិនចំនួន ពីរ កន្លែង និងទន្លេតូចស្រុកស្រីសន្ធរចំនួន ពីរកន្លែង៕