អន្តរជាតិ

ក្រុមអ្នកជួយសង្គ្រោះរកឃើញឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអ៊ីរ៉ង់រួមទាំងមន្ត្រីផ្សេងទៀតពីចម្ងាយ

ប្រែសម្រួល៖ រតនា
ឌូបៃ- ប្រទេសអារ៉ាប់រួម៖លោក Pir Hossein Kolivand ប្រធានសមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃចន្ទនេះថាក្រុមអ្នកជួយសង្គ្រោះបានរកឃើញឧទ្ធម្ភាគចក្រដែលដឹកលោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់រួមទាំងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេស និងមន្ត្រីកំពូលៗផ្សេងទៀតស្ថិតនៅចម្ងាយប្រហែល ២ គីឡូម៉ែត្រលើភ្នំមួយនៅភាគពាយព្យប្រទេសអ៊ីរ៉ង់។ ឧទ្ធម្ភាគចក្រនេះបានធ្លាក់នៅតំបន់ភ្នំភាគពាយ័ព្យនៃប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ។


លោកមិនបានបញ្ជាក់លម្អិតបន្ថែមអំពីលទ្ធផលនៃការរុករកក្នុងឧបទ្ទវហេតុនេះនោះទេ ហើយប្រធានាធិបតីអ៊ីរ៉ង់រួមទាំងរដ្ឋមន្ត្រីដែលរងគ្រោះថ្នាក់ដោយសារការធ្លាក់ឧទ្ធម្ភាគចក្របានបាត់ខ្លួននៅចំណុចនោះជាង ១២ ម៉ោងហើយ។
អ្នកជំនាញតួកគីបានណែនាំថា កន្លែងធ្លាក់យន្តហោះដែលដឹកប្រធានាធិបតីអ៊ីរ៉ង់និងរដ្ឋមន្ត្រីការបរទេសស្ថិតនៅលើភ្នំមួយនៅភាគពាយព្យប្រទេសអ៊ីរ៉ង់។
គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនេះកើតឡើងនៅពេលដែលអ៊ីរ៉ង់ស្ថិតនៅក្រោមការដឹកនាំរបស់ប្រធានាធិបតី Raisi និងមេដឹកនាំកំពូល Ayatollah Ali Khamenei បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលដែលមិនធ្លាប់មានពីមុនមកលើប្រទេសអ៊ីស្រាអែលកាលពីខែមុន ហើយបានបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមកាន់តែជិតដល់កម្រិតអាវុធនុយក្លេអ៊ែ។
អ៊ីរ៉ង់ក៏បានប្រឈមនឹងការតវ៉ាទ្រង់ទ្រាយធំជាច្រើនឆ្នាំប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យស៊ីអ៊ីតរបស់ខ្លួនជុំវិញសេដ្ឋកិច្ចដែលកំពុងធ្លាកចុះខ្លាំង និងការបំបិទសិទ្ធិស្ត្រី ដែលពេលនេះកាន់តែមានភាពរសើបខ្លាំងសម្រាប់ទីក្រុងតេអេរ៉ង់ និងអនាគតរបស់ប្រទេសនេះ នៅពេលដែលសង្រ្គាមអ៊ីស្រាអែល និងហាម៉ាសបានឆាបឆេះនៅក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែរីករាលដាលយ៉ាងទូលំទូលាយនៅក្នុងតំបន់នេះ។
លោក Raisi ប្រធានាធិបតីអ៊ីរ៉ង់កំពុងធ្វើដំណើរនៅក្នុងរង្វង់ខេត្ត East Azerbaijan របស់ប្រទេសខ្លួន។ ទូរទស្សន៍រដ្ឋបានឲ្យដឹងថា “ឧទ្ធម្ភាគចក្រមានការចុះចតយ៉ាងលំបាក” បានកើតឡើងនៅជិតតំបន់ Jolfa ដែលជាទីក្រុងមួយនៅព្រំដែនជាមួយប្រទេស Azerbaijan ចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រ ភាគពាយព្យនៃរដ្ឋធានី Tehran របស់អ៊ីរ៉ង់។ ក្រោយមក ទូរទស្សន៍រដ្ឋបាននិយាយថានៅភាគខាងកើតក្បែរភូមិ Uzi ដែលបង្ហាញថាព័ត៌មានដែលទទួលបានគឺមិនស៊ីគ្នា។

ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA បានរាយការណ៍ថា អ្នករួមដំណើរជាមួយលោក Raisi ប្រធានាធិបតីអ៊ីរ៉ង់រួមមានលោករដ្ឋមន្ត្រីការបរទេស លោក Hossein Amirabdollahian អភិបាលខេត្ត East Azerbaijan របស់អ៊ីរ៉ង់ព្រមទាងមន្ត្រី និងអង្គរក្សផងដែរ។ មន្ត្រីរដ្ឋាភិបាលនៅក្នុងតំបន់ម្នាក់បានប្រើពាក្យថា “យន្តហោះជាប់គាំង” ប៉ុន្តែអ្នកខ្លះទៀតបានសំដៅទៅលើ “ការចុះចតរបស់យន្តហោះជួបការលំបាក” ឬជា “ឧបទ្ទវហេតុ”ដែលពួកគេទំនងជាមិនទទួលបានព័ត៌មានជាក់លាក់ពិតប្រាកដនោះទេរួមទាំងចេតនាបិទបាំងខាងផ្លូវនយោបាយមិនចង់ឲ្យដំណឹងដ៏អកុសលនេះលេចធ្លាយលឿនពេកនៅមុនពេលមិនទាន់រកឃើញអ្នករងគ្រោះដែលកំពុងបាត់ខ្លួននៅឡើយ។
គេនៅមិនទាន់អាចទទួលបានព័ត៌មានលម្អិតជុំវិញឧបទ្ទវហេតុនេះនៅឡើយទេដោយរង់ចាំលទ្ធផលពីការរុករករបស់ក្រុមអ្នកជួយសង្គ្រោះនិងការស៊ើបអង្កេតរបស់អ្នកជំនាញនៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះដ៏គួឲ្យភ្ញាក់ផ្អើលនេះ៕