ឡាវ៖ អាជ្ញាធរឡាវបានរកឃើញព្រះពុទ្ធបដិមាជាច្រើនអង្គ រួមទាំងរូបសំណាកកម្ពស់២ម៉ែត្រ នៅពេលជីកកកាយវត្ថុបុរាណនៅលើច្រាំងខ្សាច់ក្បែរទន្លេមេគង្គ ក្នុងខេត្តបរកែវ។
ទូរទស្សន៍ជាតិឡាវបានរាយការណ៍កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះថា៖ រូបសំណាកព្រះពុទ្ធបដិមាកម្ពស់២ម៉ែត្រ ត្រូវបានគេប្រទះឃើញនៅលើច្រាំងខ្សាច់ក្បែរទន្លេមេគង្គក្នុងស្រុកទនភឿង ខេត្តបកែវ ភាគខាងជើងនៃប្រទេសឡាវ។ រូបសំណាក ដែលគេរកឃើញនៅថ្ងៃ ទី ១៦ ខែឧសភា ឆ្នាំ២០២៤ ជារូបសំណាកធំបំផុត ដែលរកឃើញចាប់តាំងពីការជីកកកាយបានចាប់ផ្តើមក្នុងខែមីនា។
រូបសំណាក ៩ ផ្សេងទៀត ក៏ត្រូវ បានគេរកឃើញដែរ កាលពីថ្ងៃទី ១៥ ឧសភា ។ ដើមកំណើត និងកាលបរិច្ឆេទនៃរូបចម្លាក់ទាំងនេះមិនត្រូវបានកំណត់ទេ ភាគច្រើនធ្វើពីលង្ហិន។
ដំណើរការជីកកកាយបានចាប់ផ្តើមនៅក្នុងខែមីនា ហើយឥឡូវនេះត្រូវបានធ្វើឱ្យប្រសើរឡើងទៅជាគម្រោងថ្នាក់ជាតិ ខណៈដែលវត្ថុបុរាណកាន់តែច្រើនត្រូវបានជីករក។ រដ្ឋាភិបាលឡាវបានបង្កើតគណៈកម្មាធិការមួយដែលមានមន្ត្រីជាន់ខ្ពស់ជាច្រើន ដើម្បីធានាថាការជីកកកាយនាពេលអនាគតត្រូវបានអនុវត្តប្រកបដោយវិជ្ជាជីវៈ ហើយព័ត៌មានទាំងអស់អំពីវត្ថុបុរាណនឹងត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវ និងជាប្រព័ន្ធ៕
អត្ថបទ៖ CRT News