សន្ដិសុខសង្គម

រឹបអូសជីកសិកម្មជាង ៧០០ការុង រថយន្ត ៥គ្រឿងក្រោយរកឃើញចរាចរណ៍ទំនិញខុសច្បាប់

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង: មន្ត្រីជំនាញ និងសមត្ថកិច្ចចុះរឹបអូសជីកសិកម្មជាង ៧០០ការុង និងរថយន្ត ៥គ្រឿង ក្រោយស៊ើបអង្កេតរកឃើញក្រុមឈ្មួញដឹកជញ្ជូនពីប្រទេសថៃខុសច្បាប់អនុញ្ញាត។

មន្ត្រីមន្ទីរកសិកម្មខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងនៅថ្ងៃទី ១៧ ខែឧសភានេះថា÷ ក្រោមការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង មន្ត្រីជំនាញអធិការកិច្ច នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រលប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤កន្លងមកបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកភ្នំព្រឹក បើកការបង្ក្រាបបទល្មើសដឹកជញ្ជូនជីកសិកម្មមួយករណីត្រង់ចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ខណៈពេលដែលក្រុមឈ្មួញកំពុងដឹកជញ្ជូនចេញពីច្រកព្រំដែនទឹកដីថៃ។

លទ្ធផលនៃការបង្ក្រាបមន្ត្រីជំនាញឃាត់បានរថយន្តជាមធ្យោបាយដឹកជញ្ជូនចំនួន ៥គ្រឿង ជាមួយជីកសិកម្មប្រភេទជីធម្មជាតិ និងប្រភេទជីគីមីចំនួន ៧៦៥ការុង សុទ្ធសឹងជាជីដែលល្មើសច្បាប់ គ្មានការចុះបញ្ជិការនាំចូល និងផ្គត់ផ្គង់ចែកចាយ គ្មានលិខិតអនុញ្ញាតស្របច្បាប់ នៃការគ្រប់គ្រងថ្នាំ និងជីកសិកម្មរបស់ក្រសួងកសិកម្មឡើយ។

ក្រោយការបង្ក្រាបទប់ស្កាត់មន្ត្រីមន្ទីរកសិកម្ម ក៏ដូចជាកម្លាំងសមត្ថកិច្ចកំពុងជំរុញសាកសួរអ្នកពាក់ព័ន្ធដើម្បីរៀបចំកំណត់ហេតុអនុវត្តតាមនីតិវិធី៕