ព័ត៌មានជាតិ

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នទាំងមនុស្ស សត្វពីគ្រោះកាចនៃធម្មជាតិ

ដោយ : បន្ទាយ
បន្ទាយមានជ័យ : មន្ត្រីថ្នាក់ដឹកនាំនៃគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៥ខែឧសភាឆ្នាំ២០២៤ បានព្រមានផង អំពាវនាវផងឲ្យពលរដ្ឋ សិស្ស និស្សិត មន្ត្រីរាជការ កងកម្លាំងត្រូវតែប្រុងប្រយ័ត្នខ្ពស់ទាំងមនុស្ស ទាំងសត្វពីគ្រោះកាចនៃធម្មជាតិដូចជាខ្យល់កន្ត្រាក់ រន្ទះបាញ់ រលកកម្ដៅនៃបម្រែបម្រួលអាកាសធាតុ. គ្រោះថ្នាក់ដោយលង់ទឹក ដោយផ្ទុះគ្រាប់យុទ្ធភណ្ឌ គ្រោះថ្នាក់ចរចរ អគ្គិភ័យ …ជាបន្តបន្ទាប់ ។

ក្នុងនោះ គ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់ល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅឃុំថ្មពួក ឃុំគំរូនិងឃុំបន្ទាយឆ្មារស្រុកថ្មពួក ដែលបង្កខូចខាតចំនួន៦៥ខ្នង ។នៅថ្ងៃបន្ទាប់នាស្រុកម៉ាឡៃនិងស្រុកអូរជ្រៅ ខ្យល់កន្ត្រាក់កាលពីថ្ងៃទី៣០ខែមីនាឆ្នាំ២០២៤ បង្កខូចខាតផ្ទះសំបែង ៦០ខ្នងនៅក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែតនិងស្រុកម៉ាឡៃ និងកាលពីម៉ោង៦ល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នំា២០២៤ ចំណុចវាលស្រែក្នុងភូមិរោគ ឃុំស្ពានស្រែងស្រុកភ្នំស្រុកខេត្តបន្ទាយជ័យ មានភ្លៀងធ្លាក់១មេ លាយឡំដោយផ្គររន្ទះយ៉ាងខ្លាំង រន្ទះបានបាញ់សត្វគោ កំពុងដើរស៊ីស្មៅ បណ្តាលឲ្យងាប់ចំនួន៣ក្បាលភ្លាមៗ ។

ម្ចាស់សត្វនៅភូមិ ឃុំខាងលើ មាន៣នាក់ផ្សេងគ្នា :-១-ឈ្មោះ ហេង សារ៉េត ភេទប្រុសអាយុ៥៧ឆ្នាំ និង២-ឈ្មោះ ព្រំ ឌីណា ភេទស្រី អាយុ៥៩ឆ្នាំ និងទី៣ រិត សាង ភេទប្រុសអាយុ៤១ឆ្នាំ ។

មន្ត្រីដដែលក៏លើកឡើងពីមានគ្រោះភ័យក្នុងគ្រោះមហន្តរាយ គ្រោះថ្នាក់ដោយកត្តានានាដូចជាគ្រោះថ្នាក់ចរាចរ អគ្គិភ័យ លង់ទឹក …ជាបន្តបន្ទាប់ផងដែរ ដែលតម្រូវអោយបងប្អូនត្រូវតែបង្កើនការបង្ការ ការពារ បញ្ចៀសកុំឲ្យមានគ្រោះថ្នាក់ ៕