ពន្ធដារ

ការបង់ពន្ធលើអចលនទ្រព្យកាន់តែងាយស្រួល តាមរយៈមុខងារថ្មី Quick Payment

ដោយ៖ស-សម្បត្តិ
ភ្នំពេញ៖យោងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានចេញផ្សាយនៅថ្ងៃទី១៦ ខសភាឆ្នាំ២០២៤បានបញ្ជាក់ថា ពន្ធលើអចលនទ្រព្យជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវប្រកាសនិងបង់ពន្ធ ចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ មានន័យថា សម្រាប់ឆ្នាំ២០២៤ ម្ចាស់អចលនទ្រព្យដែលជាកម្មវត្ថុនៃពន្ធនេះ ត្រូវប្រកាសនិងបង់ពន្ធនេះ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ដើម្បីផ្តល់ភាពងារស្រួលជូនម្ចាស់អចលនទ្រព្យ ក្នុងការប្រកាសនិងបង់ពន្ធនេះ អគ្គនាយកដ្ឋានពន្ធដារបានអភិវឌ្ឍកម្មវិធីបង់ពន្ធលើអចលនទ្រព្យនេះ តាមរយៈទូរសព្ទដៃ ដែលមានឈ្មោះកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ហើយកាលពីចុងឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារក៏បានធ្វើការបង្កើតមុខងារថ្មីមួយទៀតក្នុងកម្មវិធីទូរសព្ទដៃនេះ ក្នុងការបង់ពន្ធលើអចលនទ្រព្យឱ្យកាន់តែងាយស្រួលជាងមុន ដោយអនុវត្តតែ ២ជំហានប៉ុណ្ណោះ ម្ចាស់អចលនទ្រព្យ ឬអ្នកតំណាងអាចធ្វើការបង់ពន្ធលើអចលនទ្រព្យបានដោយជោគជ័យ ដែលមុខងារនោះមានឈ្មោះថា មុខងារបង់ពន្ធរហ័ស (Quick Payment) ដែលជាមុខងារថ្មីក្នុងកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)៕