អន្តរជាតិ

ទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិកអះអាងថាអ៊ីស្រាអែលមិនបានប្រព្រឹត្តប្រល័យពូជសាសន៍នៅហ្គាហ្សា

ប្រែសម្រួល៖ស-សម្បត្តិ
កាលពីថ្ងៃចន្ទ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់រដ្ឋបាលលោក Biden បានថ្លែងការពារប្រតបិត្តិការសិករបស់កងយោធាអ៊ីស្រាអែលនៅហ្គាហ្សាថា អាមេរិកមិនជឿថាអ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ក្នុងតំបន់ហ្គាហ្សាទេ។ គាត់បានថ្លែងអះអាងថា ”យើងមិនជឿថាការវាយលុករបស់យោធាអ៊ីស្រាអែលដែលកំពុងកើតឡើងនៅហ្គាហ្សាគឺជាអំពើប្រល័យពូជសាសន៍ទេក៏ប៉ុន្តែគាត់បែរជាក្រើនរំលឹកដល់អ៊ីស្រាអែលថាត្រូវតែធ្វើបន្ថែមទៀតក្នុងការធានាមិនឲ្យមានការបាត់បង់អាយុជីវិតជនស៊ីវិលស្លូតត្រង់ប៉ាឡេស្ទីននៅហ្គាហ្សា”។


ការអះអាងការពារសកម្មភាពយោធាបស់អ៊ីស្រាអែលបានកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានថ្លែងថាគាត់បានយល់ស្របលើរបាយការណ៍បឋមរបស់ក្រសួងការបរទេសដែលប្រកាសថាសកម្មភាពយោធារបស់អ៊ីស្រាអែលគឺ “សមហេតុផលក្នុងការវាយតម្លៃ” ។ ក៏ប៉ុន្តែសមាជិកមួយចំនួននៅក្នុងគណបក្សរបស់លោក Biden រួមទាំងក្រុមអង្គការមនុស្សធម៌អន្តរជាតិក្រៅរដ្ឋាភិបាលបានធ្វើការចោទប្រកាន់សកម្មភាពយោធាអ៊ីស្រាអែលថាបានរំលោភបំពានលើច្បាប់មនុស្សធម៌អន្តរជាតិនៅក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងក្រុមភេរវករហាម៉ាសនៅក្នុងទឹកដីប៉ាឡេស្ទីន។

ប្រធានាធិបតី Biden បានរងការរិះគន់យ៉ាងធ្ងន់ធ្ងរពីសំណាក់សមាជិកមួយចំនួននៅក្នុងគណបក្សរបស់គាត់ដោយសារតែគាត់បានគាំទ្របេសកកម្មយោធារបស់អ៊ីស្រាអែលដើម្បីកំចាត់ក្រុមភេរវករហាម៉ាស់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបសម្រាប់ជាការសងសឹករបស់ខ្លួនចាប់តាំងពីក្រុមភេរវករបានវាយប្រហារដ៏
បង្ហូឈាមកាលពីថ្ងៃទី ៧ ខែតុលាហើយបានសម្លាប់ជនស៊ីវិលជាង ១,១០០នៅលើទឹកដីរបស់ខ្លួន ។

សមាជិកបក្សដែលរិះគន់លោក Biden បានហៅគាត់ថាជន “ប្រល័យពូជសាសន៍ Joe” ដោយសំអាងលើហេតុផលជុំវិញចំនួនជនស៊ីវិលប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់កងយោធាអ៊ីស្រាអែលនៅហ្គាហ្សាបង្កឲ្យផ្ទុះការតវ៉ាប្រឆាំងនឹងគាត់ជុំវិញប្រទេសរហូតដល់មានការរំខានដល់ការរៀបចំព្រឹត្តិការណ៍ឃោសនារកសម្លេងឆ្នោតរបស់កាត់ ហើយក៏បានចូលទៅគ្រប់គ្រងផ្នែកខ្លះនៃសាកលវិទ្យាល័យមួយចំនួនថែមទៀតផង។

រដ្ឋបាលលោក Biden បានអនុវត្តគោលនយោបាយគាំទ្រអ៊ីស្រាអែល ក៏ប៉ុន្តែក៏បានធ្វើការព្រមានអំពីផែនការយោធារបស់អ៊ីស្រាអែលក្នុងការវាយប្រហារលើតំបន់ Rafah ដែលជាទីក្រុងមានប្រជាជនច្រើនជាងគេនៅតំបន់ហ្គាហ្សាស្ទ្រីបដោយលើកអំពីកង្វល់ដែលអាចបង្កឲ្យមានការស្លាប់ជនស៊ីវិល កាន់តែច្រើនឡើងថែមទៀត។

ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានអះអាងថា មនុស្សជាង ៣៤,០០០នាក់បានស្លាប់នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ប៉ុន្តែមន្រ្តីអង្គការសហប្រជាជាតិ មិនអាចចេញមកបញ្ជាក់ដោយឯករាជ្យពីចំនួននេះបានទេ។

នៅក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាននៅសេតវិមានលោក Sullivan ក៏បានអះអាងផងដែរថា រដ្ឋបាលលោក Biden បានផ្អាកការបញ្ជូនគ្រាប់បែកទៅឲ្យអ៊ីស្រាអែលហើយដំណឹងនេះត្រូវបានគេរាយការណ៍កាលពីសប្តាហ៍មុនថា “យើងនៅតែមិនទាន់ជឿថាអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកនៅក្នុងទីក្រុងដែលមានប្រជាជនរស់នៅច្រើននោះទេ”។ លោកក៏បានបញ្ជាក់សារជាថ្មីថា ការវាយលុកលុយដោយទ័ពថ្មើរជើងនៅក្នុងតំបន់ Rafah និងនាំឲ្យអ៊ីស្រាអែលប្រព្រិត្ត “ខុស” បង្កឲ្យជនស៊ីវិលប៉ាឡេស្ទីនប្រឈមនឹងហានិភ័យ “ហេតុផលននេះហើយដែលយើងជឿថាអ៊ីស្រាអែលមិនបានចំណេញអ្វីជាយុទ្ធសាស្ត្រធំដុំនោះទេ”។

លោក Sullivan បានបញ្ជាក់អំពីគោលជំហរដោយឥតងាករេរបស់អាមេរិកយ៉ាងច្បាស់ថា “យើងនៅតែធ្វើការជាមួយអ៊ីស្រាអែល ដើម្បីធានាដល់ការតាមកម្ចាត់ក្រុមភេរវករហាម៉ាសនៅគ្រប់ទីកន្លែងក្នុងតំបន់ហ្គាហ្សា រួមទាំងនៅក្នុងទីក្រុង Rafah ផងដែរ៕