សន្ដិសុខសង្គម

ចាប់ខ្លួនជនសង្ស័យដែលចាញ់សម្លាប់សង្សារជាគ្រូពេទ្យ

ដោយ÷សុខុម
មណ្ឌលគិរី៖សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរីកាលពីថ្ងៃទី១៣ឧសភា២០២៤ បានឃាត់ខ្លួនជនសង្ស័យបុរសជនជាតិព្នងម្នាក់ក្រោយបាញ់សម្លាប់នារីរងគ្រោះជាគ្រូពេទ្យម្នាក់និងក្មេងស្រីម្នាក់ទៀតរងរបួស ដែលហេតុការណ៍នេះបានកើតឡើងនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។


សមត្ថកិច្ចបាននិយាយក្រោយហេតុការណ៍ថា កាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ មានអំពើឃាតកម្មមួយកើតឡើងដោយបុរសជនជាតិដើមភាគតិចព្នងម្នាក់ឈ្លោះប្រកែកគ្នាជាមួយនារីរងគ្រោះ។

សមត្ថកិច្ច បាននិយាយឱ្យដឹងថា នារីរងគ្រោះឈ្មោះ កែម កែវកន្និកា អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរពេទ្យ មានទីលំនៅភូមិ អណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ជនរងគ្រោះទី ២ឈ្មោះ ជូ សាណា អាយុ ០៦ ឆ្នាំ រងរបួសត្រូវដៃខាងឆ្វេង។ រីឯជនបង្ក ឈ្មោះ សុខា នុត អាយុ ៤១ឆ្នាំ ជនជាតិព្នង មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នក្រុមពូជូ ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។


តាមការបំភ្លឺ ជនស្ស័យឈ្មោះ សុខា នុត បានយកកាំភ្លើងAK 47 មួយដើមដែលរើសបានក្នុងព្រៃ ដើរទៅរកនារីរងគ្រោះនៅបុស្តិ៍សុខភាពអណ្ដូងក្រឡឹង មុននឹងចេញទៅរកបាញ់សត្វក្នុងព្រៃ។ ពេលទៅដល់ប៉ុស្តិ៍សុខភាព នារីរងគ្រោះឈ្មោះ កែម កែវកន្និកា និងកូនស្រីឈ្មោះ ជូ សាណា កំពុងដេកក្នុងបន្ទប់ប៉ុស្តិ៍សុខភាព។ ពេលនោះជនសង្ស័យ បានសួរនាំរឿងបាយហូប ហើយក៏ឈ្លោះប្រកែកគ្នា ។ មួយសន្ទុះ ឃាតកបាញ់សម្លាប់ជនរងគ្រោះ ត្រូវចំក្បាលសៀតផ្កាខាងស្ដាំ ធ្លាយចេញទៅខ្នង ហើយក្បាលគ្រាប់ធ្លាយត្រូវចំដៃកុមារីរងគ្រោះឈ្មោះ ជូ សាណា ត្រូវជាកូននារីរងគ្រោះ ចំកំភួនដៃខាងឆ្វេង បណ្ដាលឲ្យរងរបួស។ ភ្លាមនោះជនសង្ស័យឈ្មោះ សុខា នុត បានបាញ់ខ្លួនឯងចំនួន ២គ្រាប់ តែដោយសារគ្រាប់មិនផ្ទុះ ទើបជនសង្ស័យរត់គេចខ្លួន ហើយក្រោយមកសមត្ថកិច្ចឃាត់ខ្លួនបាន ៕