ដោយ៖ ស-សម្បត្តិ
ភ្នំពេញ៖ មន្រ្តីពន្ធដារបានឲ្យដឹងតាមរយៈព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារថា ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ពោលគឺនៅសល់ប្រមាណតែ ៣សប្តាហ៍ទៀតប៉ុណ្ណោះ រដ្ឋបាលសារពើពន្ធនឹងចាប់ផ្តើមប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ពន្ធលើមធ្យោបាយដឹកជញ្ជូនគឺជាប្រភេទពន្ធប្រចាំឆ្នាំដែលត្រូវអនុវត្តចំពោះមធ្យោបាយដឹកជញ្ជូន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងផ្លូវគោក និងផ្លូវទឹក។ នៅក្នុងនោះមានដូចជាកប៉ាល់ សាឡង់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង ស៊ឺមីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែលជាដើម។
ដើម្បីអាចយល់ដឹងពីប្រាក់ពន្ធត្រូវបង់តាមប្រភេទមធ្យោបាយដឹកជញ្ជូននីមួយៗ លោកអ្នកអាចទាញយកកម្មវិធីទូរសព្ទសម្រាប់គណនាពន្ធលើមធ្យោបាយដឹកជញ្ជូន (GDT Means of Transportation Tax Calculation) ដោយឥតគិតថ្លៃពី App Store សម្រាប់ប្រព័ន្ធ ios និង Play Store សម្រាប់ប្រព័ន្ធ Android ដោយលោកអ្នកត្រូវជ្រើសរើសឱ្យបានត្រឹមត្រូវនូវប្រភេទយានយន្តរបស់ខ្លួន រួចបញ្ចូលនូវព័ត៌មានមួយចំនួន ដែលអាចពិនិត្យលើប័ណ្ណសម្គាល់យានយន្ត ឬវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត រួមមាន៖
-ផ្លូវគោក៖ ត្រូវបញ្ចូលនូវព័ត៌មានអំពីឆ្នាំផលិត ទំហំស៊ីឡាំង ឬទម្ងន់សរុប ដោយឡែកមធ្យោបាយដឹកជញ្ជូនកែច្នៃត្រូវបានកំណត់ទឹកប្រាក់ពន្ធតាមប្រភេទយានយន្តកែច្នៃនោះ
-ផ្លូវទឹក៖ ត្រូវបញ្ចូលព័ត៌មានអំពីកម្លាំងសេះ ឬទម្ងន់សរុប ឬប្រវែងបណ្តោយនៃជលយាន្ត។
ចំពោះយានយន្តដែលជាកម្មវត្ថុនៃពន្ធលើមធ្យោបាយដឹកជញ្ជូន អាចបង់ពន្ធលើមធ្យាបាយដឹកជញ្ជូនបាននៅតាមបណ្តាសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារពាណិជ្ជជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារដែលមានសាខានៅទូទាំងប្រទេស ឬបង់ពន្ធតាមកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ (DGT Taxpayer App)។ យានយន្តថ្មីដែលទើបចុះបញ្ជីបានជោគជ័យនៅក្រសួងសាធារណការនិងដឹកជញ្ជូន (មិនធ្លាប់បង់ពន្ធ) ដើម្បីបង់ពន្ធតាមកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ (DGT Taxpayer App) ត្រូវជ្រើសរើសមុខងារបន្ថែមយានយន្តថ្មី រួចបញ្ចូលទិន្ន័យមួយចំនួនក្នុងប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) និងបញ្ចូលរូបថតឯកសារសំខាន់ៗចំនួន ៣ រួមមាន៖
-ប័ណ្ណសម្គាល់យានយន្ត
-អត្តសញ្ញាណប័ណ្ណម្ចាស់យានយន្ត
-វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក)៕