ព័ត៌មានជាតិ

នៅខេត្តបន្ទាយមានជ័យ ទទួលបានជាង២១ម៉ឺនដុល្លារអាមេរិកក្នុងខួបលើកទី ១៦១ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម

ដោយ៖បន្ទាយ

បន្ទាយមានជ័យ ៖ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ នេះជាប្រធានបទអបអរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ” ដែលរៀបចំដោយសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី០៨ខែឧសភា ឆ្នាំ២០២៤ គេអង្គាសបានមូលនិធិជាង២១,៥ម៉ឺនដុល្លារអាមេរិក គឺកើនលើសឆ្នាំ២០២៣ កន្លងមកដែលបានប្រមាណ១៨ម៉ឺនដុល្លារ។

លោកអ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា : ចាប់ពីខែឧសភា ឆ្នាំ២០២៣ ដល់ខែមេសា ឆ្នាំ២០២៤នេះ   សាខាបានយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀតជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន និងផ្នែកពាក់ព័ន្ធក្នុងការឆ្លើយតបផ្តល់អំណោយដល់គ្រួសាររងគ្រោះនិងងាយរងគ្រោះបានចំនួន៨៨០គ្រួសារ។ក្នុងនោះមានរងគ្រោះដោយខ្យល់កន្ត្រាក់, ទឹកជំនន់, អគ្គិភ័យ, ស្លាប់ដោយលង់ទឹក និងគ្រួសារក្រីក្រ។

លោកបន្តថា :” អំណោយជាថវិកា ឬសម្ភារដែលសាខាទទួលបានពីការបរិច្ចាគនេះ យើងខ្ញុំសូមសន្យាថានឹងគ្រប់គ្រងដោយហ្មត់ចត់ប្រកបដោយគណនេយ្យភាពនិងតម្លាភាពគ្រប់កាលៈទេសៈស្របតាមបទបញ្ញត្តិហិរញ្ញវត្ថុរបស់កាកបាទក្រហមកម្ពុជា និងប្រើប្រាស់ធនធានទាំងអស់នោះឲ្យចំគោលដៅ” ។

ចំណែកលោក ង៉ោ ម៉េងជ្រួន ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត បានឡើងអានសារលិខិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជាក្នុងប្រធានបទដូចខាងលើ។

សាខាបន្តកិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកការអប់រំផ្សព្វផ្សាយស្តីពីការថែទាំសុខភាពបឋមតាមសហគមន៍ និងពង្រឹងភាពធន់នឹងអាកាសធាតុ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការគន្លឹះនានា ជាពិសេសក្នុងរដូវប្រាំងឆ្នាំនេះ ដែលកម្ដៅកើនឡើងខ្ពស់មិនធ្លាប់ដែលមាន ដើម្បីពង្រឹងសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសាកល ធានាសុវត្ថិភាពសុខភាព និងការលើកកម្ពស់សុខុមាលភាព និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក ឌិត ទីណា  រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា : សម្រាប់ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ នេះ បានបង្ហាញអំពីការចូលរួមយ៉ាងក្រៀមក្រំជាមួយអ្នករងគ្រោះ និងងាយរងគ្រោះនៅទូទាំងពិភពលោក ព្រមទាំងជំរុញការចូលរួមលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ សម្រាលទុក្ខលំបាក និងពង្រីកការផ្តល់ជំនួយ មនុស្សធម៌ដល់ប្រជាជនដែលកំពុងប្រឈមមុខនឹងបញ្ហាមនុស្សធម៌ធ្ងន់ធ្ងរ ជាពិសេស នៅតំបន់ដាច់ស្រយាល និងតំបន់ពិបាកទៅដល់។

គួរបញ្ជាក់ថា ក្នុងទិវាសប្បុរសធម៌នេះ ឥស្សរជន មន្ត្រី សប្បុរសជន អ្នកសប្បុរសទាំងជិយឆ្ងាយរួមទាំងព្រះសង្ឃ  បរិស័ទនៃសាសនានានា ជនបរទេសមកពីក្រៅ និងក្នុងខេត្តបានអង្គាសថវិកាជាប្រាក់រៀល ប្រាក់បាត ប្រាក់ដុល្លារអាមេរិកហើយបូកសរុបតួលេខបណ្តោះអាសន្នគិតជាប្រាក់ដុល្លារសហរដ្ឋអាមេរិកចំនួនជាង២១,៥ម៉ឺនដុល្លារ (២១៥.៤៧៨,៨៨ដុល្លារអាមេរិក) ពោលគឺកើនលើសឆ្នាំមុនខ្លះដែរ ដែលកាលណោះអង្គាសបានប្រមាណ១៨ម៉ឺ ដុល្លារអាមេរិក ៕