ប្រែសម្រួល៖ស្រីស្រស់
ស្ត្រីដែលជាម្ដាយរបស់កូនស្រីអាយុ ២ ឆ្នាំម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ា,សហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ថាបានវាយដំលើកូនស្រីរបស់គាត់អាយុ ២ ឆ្នាំនៅលើយន្តហោះជើងហោះហើរអន្តរជាតិពីប្រទេសម៉ិកស៊ិកទៅកាន់ទីក្រុង Seattle កាលពីសប្តាហ៍មុន ដោយបានទាត់ និងវាយដំទៅលើក្មេងស្រីតូចនៅលើយន្តហោះយ៉ាងធ្ងន់ធ្ងរធ្វើឲ្យអ្នកដំណើរលើយន្តហោះគ្រប់គ្នាសម្លឹងមើលប្រកបដោយក្តីរន្ធត់ចិត្តយ៉ាងខ្លាំង ។
ស្ត្រីជាម្ដាយឈ្មោះBreanna Mistler អាយុ ៣៣ ឆ្នាំមកពី Sacramento ត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ថាបានវាយដំនិងបង្កគ្រោះថ្នាក់ដល់កុមារយ៉ាងធ្ងន់ធ្ងរនៅលើយន្តហោះកាលពីថ្ងៃទី ១ ខែឧសភា។
យោងតាមឯកសាររបស់តុលាការសហព័ន្ធបានបង្ហាញថា អាកប្បកិរិយាដ៏សាហាវឃោរឃៅរបស់នាង Mistler បានផ្ទុះឡើងនៅពេលដែលក្មេងស្រីបានដាស់ម្តាយនាង ធ្វើឲ្យមានការឈ្លោះប្រកែកគ្នាជាមួយនឹងភ្នាក់ងារយកព័ត៌មានដែលបានព្យាយាមការពារក្មេងស្រីតូចពីការវាយដំដ៏ព្រៃផ្សៃរបស់ម្តាយនាង។
យោងតាមសេចក្តីថ្លែងហេតុរបស់រដ្ឋអាជ្ញាសហព័ន្ធនៅក្នុងរដ្ឋ Washington បានឲ្យដឹងថា “ទោះបីជាមានការរារាំងពីអ្នកដំណើរក៏ដោយក៏ស្ត្រី Mistler នៅតែបន្តវាយដំរំលោភបំពានលើកុមារត្រូវបានតុលាការចោទប្រកាន់ពីបទវាយដំនិងបង្កគ្រោះថ្នាក់ដល់កុមារយ៉ាងធ្ងន់ធ្ងរ “។
ទីភ្នាក់ងារUSA Today បាននិយាយថា មន្ត្រីគយ និងមន្ត្រីគយ ការពារព្រំដែនបានចាប់ឃុំខ្លួននាង Mistler ភ្លាមៗនៅពេលដែលយន្តហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma ហើយបានកត់សម្គាល់ឃើញថាកូនស្រីរបស់នាងមានស្នាមជាំនៅលើភ្នែក ស្មា និងកំភួនដៃ។
FBI និង Port of Seattle Police បានធ្វើការស៊ើបអង្កេតលើករណីនាង Mistler ដែលត្រូវបានចោទប្រកាន់ពីបទរំលោភបំពានលើកុមារក្រោមច្បាប់សហព័ន្ធ។
រដ្ឋអាជ្ញាបាននិយាយនៅក្នុងបណ្តឹងព្រហ្មទណ្ឌថា “ការវាយដំដែលមើលទៅដ៏គួឲ្យរន្ធត់នេះគឺជាករណីរំលោភបំពានលើកុមារនេះគឺជាលើកទីពីរហើយនៅក្នុងរយៈពេលប្រាំមួយខែដែលនាង Mistler ត្រូវបានតុលាការចោទប្រកាន់ពីបទបង្កគ្រោះថ្នាក់ដល់កូនស្រីតូចរបស់នាង”។
អ្នកយកព័ត៌មានFox បាននិយាយថាលើកដំបូងបានកើតឡើងនៅក្នុងអំឡុងខែធ្នូដែលនាង Mistler បាននាំកូនស្រីតូចរបស់នាងទៅជាមួយ ខណៈដែលនាងលួចចូលផ្ទះម្តាយរបស់នាង ហើយបានកាត់សំបកកង់រថយន្ត។សេវាការពារកុមារនឹងបញ្ជូនក្មេងស្រីតូចនេះទៅរស់នៅជាមួយសាច់ញាតិបន្ទាប់ពីម្តាយត្រូវបានចាប់ខ្លួន។
ការិយាល័យរដ្ឋអាជ្ញាអាមេរិកបាននិយាយថាចៅក្រមបានឃុំខ្លួននាង Mistler ដោយសារតែនាង “បានវាយដំយ៉ាងឃោរឃៅនៅចំពោះមុខមនុស្សជាច្រើនលើយន្តហោះ” ហើយជាពិសេសគឺបង្កគ្រោះថ្នាក់ដល់កុមារ។នាងនឹងត្រូវបញ្ជូនខ្លួនឡើងសវនាការនៅថ្ងៃទី១៦ ខែឧសភា៕