អន្តរជាតិ

អ៊ីស្រាអែលមិនទទួលយកការផ្លាស់ប្តូរកិច្ចព្រមព្រៀងបទឈប់បាញ់របស់ក្រុមហាម៉ាស់

ប្រែសម្រួល៖ ស-សម្បត្តិ
ក្រុមហាម៉ាស់បានប្តូរខ្លឹមសារដ៏ចម្រូងចម្រាសនៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ដែលខ្លួនទទួលយកកាលពីថ្ងៃចន្ទដើម្បីរាប់បញ្ចូលសាកសពចំណាប់ខ្មាំងដែលបានស្លាប់សម្រាប់ធ្វើការផ្លាស់ប្តូរអ្នកទោសប៉ាឡេស្ទីន នេះបើយោងតាមរបាយការណ៍ដ៏ចម្រូងចម្រាសមួយ។

កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយក្រុមហាម៉ាស់ក៏មានរួមបញ្ចូលទាំងការបញ្ចប់សង្គ្រាមនៅហ្គាហ្សាផងដែរ គឺជាអ្វីដែលភាគីអ៊ីស្រាអែលបាននិយាយថាខ្លួនមិនអាចទទួលយកដាច់ខាត។
ការផ្លាស់ប្តូរដ៏ចម្រូងចម្រាសមួយត្រូវបានគេរាយការណ៍ថាបានកើតឡើងជុំវិញរឿងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ៣៣ នាក់ដែលត្រូវបានកំណត់ឲ្យដោះលែងជាថ្នូរនឹងបទឈប់បាញ់។

ខណៈពេលដែលកិច្ចព្រមព្រៀងដើមបានអំពាវនាវរកចំណាប់ខ្មាំងដែលនៅរស់ចំនួន ៣៣ នាក់ ក្រុមហាម៉ាស់បានផ្លាស់ប្តូរពាក្យដើម្បីរួមបញ្ចូលចំណាប់ខ្មាំង ៣៣ នាក់ដែល “នៅរស់ឬក៏ជាសាកសព” ក្រុមមន្ត្រីអ៊ីស្រាអែលបានប្រាប់ទូរទស្សន៍ KAN TV យ៉ាងដូច្នេះ។
មន្ត្រីអ៊ីស្រាអែលបានប្រកែកថាសំណើនេះខុសពីលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀងកាលពីដំបូងដែលអ៊ីស្រាអែលបានយល់ព្រមទទួលយក។

ក្រុមហាម៉ាស់បានអះអាងម្តងហើយម្តងទៀតថា ខ្លួនមិនមានចំណាប់ខ្មាំងគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់អ៊ីស្រាអែល ដែលបានអំពាវនាវឲ្យមានការដោះលែងចំណាប់ខ្មាំងដែលជាស្ត្រី មនុស្សចាស់ ឬអ្នកដែលទទួលរងពីជំងឺ និងលក្ខខណ្ឌវេជ្ជសាស្ត្រនោះទេ។
កិច្ចព្រមព្រៀងរបស់ក្រុមហាម៉ាស់ក៏មានពាក្យពេចន៍ដែលអំពាវនាវឲ្យបញ្ចប់សង្គ្រាមរយៈពេលជិតប្រាំពីរខែ ដែលអ៊ីស្រាអែលប្រកាន់ជំហររឹងរូសមិនទទួលយក នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់ CNNយ៉ាងដូច្នេះ ។

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយម្តងហើយម្តងទៀតថា សង្រ្គាមនឹងមិនបញ្ចប់រហូតដល់ក្រុមហាម៉ាស់ត្រូវបានកម្ចាត់អស់ទាំងស្រុង លោកបានប្តេជ្ញាថាបដិសេធលើរាល់សំណើរបស់ក្រុមហាម៉ាស់។
ទោះបីជាលោក Netanyahu មានផែនការបែបណាក៏ដោយ ក៏ការិយាល័យរបស់គាត់បាននិយាយថា អ៊ីស្រាអែលនៅតែបញ្ជូនក្រុមចរចាទៅកាន់ទីក្រុងគែរ ដើម្បីផ្តល់លទ្ធភាពលើការសម្រេចចតិ្តក្នុងការទទួលយកកិច្ចព្រមព្រៀងស្របតាមលក្ខខណ្ឌដែលអ៊ីស្រាអែលអាចទទួលយកបាន” ។

កិច្ចព្រមព្រៀងនេះ បានអំពាវនាវឲ្យមានការផ្អាកប្រយុទ្ធគ្នាសម្រាប់រយៈពេល ៤២ ថ្ងៃដំបូង ដើម្បីដោះលែងចំណាប់ខ្មាំង ដើម្បីឲ្យកងទ័ពអ៊ីស្រាអែល( IDF) ដកទ័ពមួយផ្នែកចេញពីហ្គាហ្សា និងផ្តល់ឱកាសឲ្យជនភៀសខ្លួនជាង ១ លាននាក់នៅរ៉ាហ្វា ត្រឡប់ទៅតំបន់ហ្គាហ្សាកណ្តាល និងភាគខាងជើងវិញដោយសុវត្ថិភាព។

ជំហានបន្ទាប់ត្រូវមានបទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍ទៀត ដើម្បីបង្កើតសន្តិភាពនៅក្នុងក្របខ័ណ្ឌនៃដែនសមត្ថកិច្ចប៉ាឡេស្ទីន និងសម្រាប់ការចរចាក្នុងការផ្លាស់ប្តូរចំណាប់ខ្មាំងជាបន្ត។

ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងក្រុមហាម៉ាស់នឹងធ្វើការដោះដូរចំណាប់ខ្មាំងចុងក្រោយដែលនឹងឈានដល់ទីបញ្ចប់គឺការស្តារស្ថិរភាពនិងសន្តិភាពរួមទាំងស្ថាបនាតំបន់ហ្គាហ្សាឡើងវិញដោយចាប់ផ្តើមអនុវត្តយន្តការគ្រប់គ្រងតាមរយៈសហប្រតិបត្តិការផែនការចម្រុះរដ្ឋដូចជាប្រទេសកាតា អេហ្ស៊ីប និងអង្គការសហប្រជាជាតិជាដើម។

ក្រុមហាម៉ាស់ក៏បានស្នើសុំឲ្យបញ្ចប់ទាំងស្រុងនូវការបិទផ្លូវជុំវិញតំបន់ហ្គាហ្សាស្ទ្រីប ដែលបានកើតឡើងចាប់តាំងពីក្រុមភេរវករមួយនេះបានក្លាយជាក្រុមអភិបាលកិច្ចនៅលើដែនដីមួយនេះតាំងពីឆ្នាំ ២០០៧រហូតមកទល់នឹងបច្ចុប្បន្ន។

លក្ខខណ្ឌទាំងនេះអ៊ីស្រាអែលទទួលស្គាល់ថាមាន “ចន្លោះប្រហោងសំខាន់ៗ” រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល លោក Benny Gantz សមាជិកគណៈរដ្ឋមន្ត្រីសង្គ្រាមអ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែលនៅតែធ្វើការដើម្បីការពារចំណាប់ខ្មាំង។
កិច្ចព្រមព្រៀងក្នុងខណៈពេលនេះមានបង្កប់នូវខ្លឹមសារដែលអ៊ីស្រាអែលមិនអាចទទួលយកបាន មន្ត្រីសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិបានអំពាវនាវឲ្យរដ្ឋអ៊ីស្រាអែល និងក្រុមហាម៉ាស់ ចូលតុចរចាដើម្បីផ្តួចផ្តើមបង្កើតកិច្ចព្រមព្រៀងដ៏ពិតប្រាកដមួយ ជៀសវាងបន្តធ្វើសង្រ្គាមបង្ហូរឈាមបន្ថែមទៀតនៅក្នុងតំបន់ហ្គាហ្សា។

បន្ទាប់ពីការបដិសេធរបស់អ៊ីស្រាអែលចំពោះកិច្ចព្រមព្រៀងរបស់ក្រុមហាម៉ាស់យោធាអ៊ីស្រាអែល IDF បានចាប់ផ្តើមរុលទ័ពរបស់ខ្លួនទៅកាន់ទីក្រុង Rafah បើទោះបីជាមានការរារាំងពីអាមេរិកក៏ដោយ។

ប្រធានាធិបតី Biden បានព្រមាននាយករដ្ឋមន្ត្រី Benjamin Netanyahu ម្តងហើយម្តងទៀតថា មិនឲ្យបន្តការវាយលុកលើតំបន់ Rafah ទេ លុះត្រាតែយោធាអ៊ីស្រាអែល IDF អាចធានាសុវត្ថិភាពដល់ជនស៊ីវិល។ លោកប្រធានាធិបតី Biden បានរំលឹកម្តងទៀតកាលពីថ្ងៃចន្ទ៕