ប្រែសម្រួល៖ ស-សម្បត្តិ
KYIV៖ អ៊ុយក្រែនបានអះអាងកាលពីថ្ងៃអង្គារទី ៧ ឧសភានេះថា ខ្លួនបានបំផ្លាញផែនការរបស់រុស្ស៊ីក្នុងការប៉ុនប៉ងលួចធ្វើឃាតលោក ប្រធានាធិបតី Volodymyr Zelensky រួមទាំងឥស្សរជននយោបាយ និងយោធាជាន់ខ្ពស់របស់អ៊ុយក្រែន។
មន្ត្រីសន្តិសុខអ៊ុយក្រែនពីរនាក់ត្រូវបានចាប់ខ្លួនពីបទជាប់ពាក់ព័ន្ធនឹងមុខសញ្ញាប៉ុនប៉ងលួចធ្វើឃាតថ្នាក់ដឹកនាំជាន់ខ្ពស់របស់អ៊ុយក្រែននៅមុនពិធីសម្ពោធចូលកាន់តំណែងសាជាថ្មីរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃអង្គារនេះ។
ប្រធានផ្នែកសេវាសន្តិសុខអ៊ុយក្រែន (SBU) លោក Vasyl Maliuk បានថ្លែងថា “ផែនការវាយប្រហារភេរវកម្មក្រោមការដឹកនាំរបស់ក្រុមសេវាកម្មសម្ងាត់រុស្ស៊ីក្នុងគោលដៅសម្លាប់លោកប្រធានាធិបតី Volodymyr Zelensky រួមទាំងឥស្សរជននយោបាយ និងយោធាជាន់ខ្ពស់របស់អ៊ុយក្រែនដែលពួកគេគិតថាជាអំណោយផ្ញើជូនលោក ពូទីននៅមុនពិធីសម្ពោធចូលកាន់តំណែងសាជាថ្មីរបស់របស់គាត់នោះត្រូវបរាជ័យទាំងស្រុង” ។
ក្រុង Kyiv និយាយថា Zelenskyy ត្រូវបានរុស្ស៊ីកំណត់គោលដៅជាច្រើនលើករួចមកហើយរួមទាំងនៅដើមដំបូងនៃការឈ្លានពានរបស់ រុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ ២០២២។
ប្រធានផ្នែកសេវាសន្តិសុខអ៊ុយក្រែន (SBU) បាននិយាយថា ខ្លួនបានបើកមុខបណ្តាញភ្នាក់ងារសម្ងាត់របស់រុស្សីដែលបង្កើតឡើងដោយសេវាចារកម្មសហព័ន្ធរុស្ស៊ី (FSB) ដែលមានតួនាទីសម្ងាត់ក្នុងការកំណត់មុខសញ្ញាអ្នកជំនិតនឹងលោក Zelenskyy ដែលពួកគេគិតថាអាចឆ្មក់ចាប់ខ្លួនគាត់ធ្វើជាចំណាប់ខ្មាំងឬក៏អាចនិងសម្លាប់ចោលបានដោយងាយ។
ប្រធានផ្នែកសេវាសន្តិសុខអ៊ុយក្រែន (SBU)បានបន្ថែមថា “បណ្តាញដ៏សកម្មរបស់ពួកគេគឺស្ថិតនៅក្រោមការដឹកនាំនិងគ្រប់គ្រងដោយក្រុមសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បញ្ជាចេញពីក្រុងម៉ូស្គូជនបង្កប់ទាំងនោះគឺជាបណ្តាញដ៏សកម្មដែលត្រូវបានវែកមុខមានដូចជាវរសេនីយ៍ឯកពីររូបដែលរុស្សីបានបង្កប់នៅក្នុងក្រសួងការពារជាំតិអ៊ុយក្រែនដែលជាអ្នកទទួលបន្ទុកការពារប្រធានាធិបតី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ។
យោងតាមប្រភពចេញពីក្រុមមន្ត្រីអនុវត្តច្បាប់អ៊ុយក្រែនបានប្រាប់អ្នកយកព័ត៌មាន AFP ថា ជនសង្ស័យទាំងពីររូបនេះត្រូវបានចាប់ឃុំខ្លួននៅក្នុងប៉ុន្មានថ្ងៃមុន។
ប្រភពនោះបានបន្តថា៖ ‘បណ្តាញសម្ងាត់ទាំងពីរូបនេះមានឋានៈខ្ពស់គឺម្នាក់ក្នុងចំណោមនោះជាប្រធាននាយកដ្ឋានរបស់ក្រសួងការពារជាតិអ៊ុយក្រែន។
- ការប៉ុនប៉ងធ្វើឃាតត្រូវបានអនុវត្តចាប់ពីប្រាំទៅប្រាំមួយលើក
ប្រធានផ្នែកសេវាសន្តិសុខអ៊ុយក្រែន SBU បានចេញផ្សាយនូវរូបភាពបង្រ្កាបក្រុមភេរវករដែលសមាជិកសេវាសន្តិសុខអ៊ុយក្រែនមានពាក់ម៉ាស់ក្នុងឯកសណ្ឋានបំប្លែងកាយបានចេញចាប់ខ្លួនជនសង្ស័យបានជាច្រើននាក់នៅក្នុងពេលយប់។
នៅក្នុងវីដេអូដែលបានបង្ហោះនៅលើគេហទំព័ររបស់សេវាសន្តិសុខអ៊ុយក្រែន SBU បង្ហាញឲ្យឃើញបុរសម្នាក់មើលមិនច្បាស់មុខមាត់នោះទេបាននិយាយថាភារកិច្ចរបស់គាត់គឺ “ធ្វើការស្រាវជ្រាវតាមរយ:ឥរិយាបទនិងសតិអារម្នណ៏របស់ពួកគេនៅក្នុងចំណោមឆ្មាំសន្តិសុខរបស់ការិយាល័យប្រធានាធិបតីដើម្បីវែកមុខរកគោលដៅជនបង្កប់ដែលពួកគេបានត្រៀមខ្លួនអនុវត្តផែនការឆ្មក់ចាប់ជម្រឹតលោកប្រធានាធិបតី”។
សេវាសន្តិសុខអ៊ុយក្រែន SBU បានបន្តថា រុស្ស៊ីមានផែនការកំចាត់លោក Maliuk ក៏ដូចជាប្រធានផ្នែកការពារជាតិអ៊ុយក្រែន Kyrylo Budanov និងមន្ត្រីជាន់ខ្ពស់សំខាន់ៗដទៃទៀតផងដែរ។
ប្រធានផ្នែកសេវាសន្តិសុខអ៊ុយក្រែន SBU បាននិយាយថា Budanov គឺជាគោលដៅដែលត្រូវធ្វើឃាតនៅថ្ងៃបុណ្យគ្រិស្តអូស្សូដក់ ហៅថាបុណ្យអ៊ីស្ទើរ កាលពីចុងសប្តាហ៍កន្លងទៅ។
លោក Artem Dekhtyarenko អ្នកនាំពាក្យសេវាកម្មសេវាសន្តិសុខអ៊ុយក្រែនបានបញ្ជាក់ថា ឃាតកត្រូវបានសន្យាថានឹងផ្តល់ប្រាក់រង្វាន់ដល់ទៅ ៨០,០០០ ដុល្លារអាមេរិក។
គេបានបង្ហោះវីដេអូដែលបង្ហាញពីមេខ្លោងចារកម្មសម្ងាត់រុស្សី FSB បញ្ជាភ្នាក់ងារបង្កប់តាមឃ្លាំមើលផ្ទះដែលជាគោលដៅជាក់ស្តែងដូចជាលោក Budanov និងប្រាប់ដំណឹងតាមរយ:សារសម្ងាត់អំពីការមកដល់របស់គាត់។
បុរសនោះនិយាយថា៖ “ចារកម្មសម្ងាត់រុស្សី FSBបញ្ជាទៅកាន់ភ្នាក់ងារបង្កប់ឲ្យប្រើដ្រូនវាយប្រហារពីចម្ងាយ។
សេវាសន្តិសុខអ៊ុយក្រែន SBU បានចេញផ្សាយនូវផែនការដែលខ្លួនបានលាតត្រដាងនេះជាសាធារណ:ដោយមានភ្ជាប់ជាមួយនូវសារសម្លេងតាមទូរសព្ទរដែលមេចារកម្មសម្ងាត់រុស្សី FSB បានទាក់ទងជាមួយនិងវរសេនីយឯកម្នាក់ដែលរុស្សីបានបង្កប់នៅក្នុងក្រសួងការពារជាតិអ៊ុយក្រែន ដោយបាននិយាយថាខ្លួនបាននាំយកយន្តហោះគ្មានមនុស្សបើកបំពាក់ដោយគ្រាប់បែកទៅកាន់ទីក្រុងគៀវ។
គេបានផ្តល់ឈ្មោះបុរសបីនាក់ដែលបាននិយាយថាជាអ្នកសម្របសម្រួលផ្នែកចារកម្មសម្ងាត់រុស្សី FSB ដែលធ្វើការជាមួយលោក moles នៅអ៊ុយក្រែន។
អ្នកដែលត្រូវបានចាប់ឃុំខ្លួននោះត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ និងរៀបចំអំពើភេរវកម្ផដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
លោក Zelenskyy បានប្រាប់អ្នកយកព័ត៌មាន The Sun នៅក្នុងខែវិច្ឆិកាថាគាត់បានរួចជីវិតពីការប៉ុនប៉ងធ្វើឃាតយ៉ាងហោចណាស់ចំនួនប្រាំទៅប្រាំមួយលើករួចមកហើយ។
រដ្ឋអាជ្ញាប៉ូឡូញ និងអ៊ុយក្រែនបានប្រកាសកាលពីខែមុនថា ពួកគេបានចាប់ឃុំខ្លួនបុរសម្នាក់ដែលសង្ស័យថាបានជួយផែនការភេរវកម្ផរុស្ស៊ីដើម្បីលួចធ្វើឃាតលោក Zelenskyy ។
សេវាសន្តិសុខអ៊ុយក្រែន SBU បាននិយាយកាលពីខែសីហាឆ្នាំមុនថា ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនពីបទរៀបចំផែនការលួចធ្វើឃាតមេដឹកនាំអ៊ុយក្រែន ដោយព្យាយាមស្វែងរកព័ត៌មានលម្អិតអំពីសកម្មភាពរបស់ថ្នាក់ដឹកនាំអ៊ុយក្រែននៅខាងក្រៅទីក្រុង Kyiv ៕
ប្រភព៖ AFP/fs