សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យដែលជាមន្រ្តីយោធាម្នាក់ទៅតុលាការ ពាក់ព័ន្ធប្រើអាវុធបាញ់បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស

ដោយ÷សុខុម
ភ្នំពេញ÷មន្រ្តីជំនាញព្រហ្មទណ្ឌនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជូនមន្រ្តីយោម្នាក់ទៅតុលាការ ក្រោយចាប់ខ្លួនពាក់ព័ន្ធប្រើអាវុធបាញ់បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ វេលាទៀបភ្លឺ មានករណីផ្ទុះអាវុធបង្កឡើងដោយជនសង្ស័យម្នាក់ បណ្តាលឲ្យរងរបួសជនរងគ្រោះចំនួន០៣នាក់ នៅបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យខាងលើបានជិះរថយន្ត ០១គ្រឿងម៉ាក NISSAN ពណ៌ទឹកប្រាក់គេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រើវិធានការជំនាញស្រាវជ្រាវនាំខ្លួនជនសង្ស័យឈ្មោះ ថុល តាំង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីយោធា នាយកដ្ឋានសណ្តាប់ធ្នាប់ ក្រសួងការពារជាតិ នៅត្រង់ចំណុចសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នៅពេលធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លីម៉ាក Glock បាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន។ មូលហេតុដោយសារតែយុវជននោះ និងបក្ខពួកជាច្រើននាក់ប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិសង្សាររបស់ខ្លួន។
រីឯមធ្យោបាយ និងវត្ថុតាងដកហូតបានរថយន្តប្រព្រឹត្តបទល្មើស ម៉ាក Nissan (Pick up) ពណ៌ទឹកប្រាក់ និងអាវុធខ្លី ១ដើម ម៉ាក GLOCK មន្ត្រីជំនាញកំពុងកសាងសំណុំរឿងទៅតុលាការ៕