ដោយ៖ គង់ហេង
កំពង់ចាម៖ តាមរយៈពិធីអបអរខួបទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ថ្ងៃទី ៨ ឧសភានេះ ក្រោមប្រធានបទ«រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ទទួលបានថវិកាចំនួនជាង ៦៥ម៉ឺន ដុល្លារអាមេរិកពីសប្បុរសជន គឺសម្រាប់ប្រើប្រាស់លើការងារមនុស្សធម៌។
ពិធីទទួលថវិកាពីសប្បុរសជន រួមជាមួយពិធីប្រកាសទទួលស្គាល់ គណៈកិត្តិយសសាខា អាណត្តិទី៥ ផងនោះ បានរៀបចំឡើងនៅក្នុងសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាភ្ញៀវ កិត្តិយស យ៉ាងច្រើនកុះករ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានថ្លែងថា៖ សូមគោរពកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយ ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលបានខិតខំបំពេញសកម្មភាព មនុស្សធម៌យ៉ាងផលផុស មិន ខ្លាចនឿយហត់ ប្រកបដោយទឹកចិត្តមោះមុត សន្តោសប្រណី រួមចំណែកជួយសម្រួលទុក្ខលំបាក ដល់ជនងាយរងគ្រោះ និងជនរងគ្រោះ គ្រប់ទីកន្លែង ដែលបានជួបវិបត្តិដូចជា គ្រោះមហន្តរាយ ជំងឺឆ្លង រាតត្បាត និងវិបត្តិនានា ពិសេសដូចអ្វីដែលឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមបានបញ្ជាក់អំបាញ់មិញរួចហើយ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តថា៖ ម្យ៉ាងទៀត កាកបាទក្រហមកម្ពុជាតែងតែសហការយ៉ាងល្អជាមួយ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើជាសេនាធិការជូនរាជ រដ្ឋាភិបាល បំពេញតួនាទីមនុស្សធម៌យ៉ាងសំខាន់ ដែលបានជួយដល់គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ចូលរួមកាត់បន្ថយអត្រាក្រីក្រ លើកកម្ពស់សុខុមាលភាព និងកម្រិតជីវភាព និង ដោះស្រាយទាន់ពេលចំពោះបញ្ហាជាយថាហេតុនានា ដែលទាំងអស់នេះ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ក្រោមការដឹកនាំប្រកបដោយថាមពល និងគតិបណ្ឌិតរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕