ដើម្បីធានាបាននូវប្រសិទ្ធភាពនិងតម្លាភាព ក្នុងការប្រមូលពន្ធអាករនានា អ្នកជាប់ពន្ធដែលបានចុះបញ្ជី នៅរដ្ឋបាលសារពើពន្ធ ត្រូវចេញវិក្កយបត្រឱ្យបានត្រឹមត្រូវ តាមវិធាននៃការប្រើប្រាស់វិក្កយបត្រ ដូចមានចែងក្នុងប្រកាសលេខ ៧២៣ សហវ.ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅពេលធ្វើការផ្គត់ផ្គង់ទំនិញឬសេវាកម្មរបស់ខ្លួនទៅឱ្យអតិថិជន។
សម្រាប់អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ត្រូវចេញវិក្កយបត្រអាករ (Tax Invoice) ទៅឱ្យអតិថិជន ជាអ្នកជាប់ពន្ធរបបស្វ័យប្រកាស និងចេញវិក្កយបត្រធម្មតា (Commercial Invoice) ទៅឱ្យអតិថិជនជាអ្នកប្រើប្រាស់ចុងក្រោយ ដោយឡែកអ្នកជាប់ពន្ធតូចត្រូវចេញវិក្កយបត្រធម្មតា (Commercial Invoice) ទៅឱ្យអតិថិជនរបស់ខ្លួន។
វិក្កយបត្រអាករ (Tax Invoice) និងវិក្កយបត្រធម្មតា (Commercial Invoice) ត្រូវរំលេចនូវនិទ្ទេសសំខាន់ៗដូចខាងក្រោម៖
-វិក្កយបត្រអាករ (Tax Invoice) ៖
- ឈ្មោះសហគ្រាស អាសយដ្ឋាន និងលេខអត្តសញ្ញាណកម្មសារពើពន្ធរបស់អ្នកលក់ឬអ្នកផ្គត់ផ្គង់
- លេខរៀងវិក្កយបត្រតាមលំដាប់លំដោយនិងកាលបរិច្ឆេទចេញវិក្កយបត្រ
- ឈ្មោះនិងអាសយដ្ឋានអ្នកទិញ ព្រមទាំងលេខអត្តសញ្ញាណកម្មសារពើពន្ធ
- សេចក្តីបរិយាយមុខទំនិញឬសេវា បរិមាណ និងថ្លៃ
- តម្លៃសរុបនៃប្រភេទទំនិញនីមួយៗដែលមិនទាន់គិតអាករនានា
- ប្រាក់អាករនីមួយៗ (ករណីទំនិញឬសេវាត្រូវជាប់អាករពិសេស អាករបំភ្លឺសាធារណៈ និង/ឬ អាករលើការស្នាក់នៅ) និងអាករលើតម្លៃបន្ថែម
- ហត្ថលេខានិងឈ្មោះអ្នកលក់និងអ្នកទិញ។
-វិក្កយបត្រធម្មតា (Commercial Invoice) ៖
- ឈ្មោះសហគ្រាស អាសយដ្ឋាន និងលេខអត្តសញ្ញាណកម្មសារពើពន្ធរបស់អ្នកលក់ឬអ្នកផ្គត់ផ្គង់
- លេខរៀងវិក្កយបត្រតាមលំដាប់លំដោយនិងកាលបរិច្ឆេទចេញវិក្កយបត្រ
- ឈ្មោះនិងអាសយដ្ឋានអ្នកទិញ
- សេចក្តីបរិយាយមុខទំនិញឬសេវា បរិមាណ និងថ្លៃ
- តម្លៃរួមបញ្ចូលអាករនានានៃទំនិញនីមួយៗ
- ហត្ថលេខានិងឈ្មោះអ្នកលក់៕