ដោយ៖ ព្រះអង្គខ្មៅ
បាត់ដំបង៖ ទឹកអូរមួយកន្លែងក្នុងស្រុករតនមណ្ឌល ប្រែពណ៌ខ្មៅ និងបង្កឲ្យមានត្រីងាប់ច្រើន មន្ត្រីជំនាញចុះពិនិត្យរកឃើញដោយសារសហគ្រាសកែច្នៃផ្លែស្វាយ។
ប្រភពនៅក្នុងភូមិសាស្ត្រកើតហេតុបានបញ្ជាក់ឲ្យដឹងថា÷ ប្រភពទឹកអូរត្រែងដែលទទួលរងនូវការហូរទឹកកខ្វក់ចូលខាងលើនេះជាប្រភពទឹកដ៏សំខាន់មួយហូរចាក់ចូលដងស្ទឹងសង្កែ ពិសេសនៅរដូវវស្សា បើពុំមានការយកចិត្តទុកដាក់ចុះពិនិត្យឲ្យបានទាន់ពេលវេលាទេ នោះនឹងអាចបង្កការប៉ះពាល់ធ្ងន់ធ្ងរជាក់ជាមិនខានដល់ហ្វូងមច្ឆជាតិ និងសុខភាពបងប្អូនប្រជាពលរដ្ឋជាច្រើននៅផ្នែកខាងក្រោម។
ក្រោយការភ្ញាក់ខ្លាំងពីសំណាក់ប្រជាពលរដ្ឋកាលពីចុងសប្តាហ៍កន្លងមកនេះ លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនចុះពិនិត្យបន្ទាន់នៅលើទីតាំងបង្កហេតុ ឋិតក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ប៉ែកខាងលិចខេត្តបាត់ដំបង។
ករណីដដែលនេះ ទន្ទឹមនឹងការចុះពិនិត្យស្រាវជ្រាវរបស់មន្ត្រីជំនាញបានរកឃើញថា ទឹកកខ្វក់ប្រែពណ៌ខ្មៅ និងបានបណ្តាលឲ្យមានត្រីច្រើនប្រភេទ ពិសេសពូជត្រីឆ្លាំងបានភ្ញាក់ផ្អើលចាប់តាំងថ្ងៃទី ០៤ ខែឧសភា មកគឺបង្កឡើងដោយសារទីតាំងសហគ្រាសកែច្នៃផ្លែស្វាយ របស់សហគ្រាស Cambodian Gome Farm Food Co.L.t.d ស្ថិតនៅត្រង់ភូមិស្វាយស ឃុំត្រែង បានបញ្ចេញទឹកកខ្វក់ហូរចូលក្នុងអូរត្រែង។
ជាលទ្ធផល ក្រុមការងារចម្រុះបានទុកឱកាសឲ្យភាគីសហគ្រាសរៀបចំទប់ស្កាត់ធ្វើយ៉ាងណាកុំឲ្យមានទឹកកាកសំណល់កខ្វក់ហូរចូលអូរបន្តទៀត និងបានណែនាំឲ្យកែលម្អជីកអាងស្តុកទឹកកខ្វក់សម្រាប់ស្តុកឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ចៀសវាងបង្កហេតុមិនល្អប៉ះពាល់ដល់បរិស្ថាន សុខភាពបងប្អូនប្រជាពលរដ្ឋ និងផលមច្ឆជាតិផ្សេងៗ៕