សន្ដិសុខសង្គម

ស្ត្រីបីនាក់ត្រូវរន្ទះបាញ់ បណ្ដាលឲ្យសន្លប់ស្តោកពេលកំពុងបេះស្វាយក្នុងចម្ការ

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ ស្ត្រីកសិករបីនាក់ត្រូវរន្ទះបាញ់ បាញ់ត្រូវពេលកំពុងបេះស្វាយក្នុងចម្ការ ក្រោមមេឃភ្លៀងដំបូងមួយមេធំ។

ប្រភពពីពលរដ្ឋបានបញ្ជាក់ឲ្យដឹងថា÷ ហេតុការណ៍ភ្លៀងធ្លាក់ និងផ្គរន្ទះបាញ់ បាញ់ត្រូវស្ត្រីជាកសិករនេះបានកើតឡើងនៅវេលាម៉ោងជាង ៣រសៀល ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចចម្ការស្វាយក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

មុនពេលកើតហេតុ គេបានឃើញស្ត្រីជនរងគ្រោះកំពុងប្រមូលផលបេះផ្លែស្វាយ គាប់ជួនពេលនោះមេឃក៏បានប្រែប្រួលពពកឡើងខ្មៅ និងធ្លាក់ភ្លៀងលាយឡំជាមួយផ្គររន្ទះបានបាញ់គ្រឹមៗព្រោងព្រាត ចុងក្រោយរន្ទះក៏បានបាញ់ផ្ទួនៗចំនួន២គ្រាប់គ្របដណ្តប់លើទីតាំងដែលជនរងគ្រោះប្រមូលផលស្វាយ ដែលខ្លះកំពុងបេះ និងខ្លះទៀតកំពុងរៀបចំទុកដាក់ផលស្វាយដាក់ បណ្តាលឲ្យរងរបួសសន្លប់ដេកដួលលើដីតែម្តង។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឲ្យដឹងដែរថា÷ រន្ទះបាញ់ក្នុងហេតុការណ៍ខាងលើនេះបានបាញ់ផ្ទួនៗរហូតចំនួន ២គ្រាប់បណ្តាលឲ្យស្ត្រីចំនួន ៣នាក់រងរបួសធ្ងន់។ ពលរដ្ឋរងគ្រោះទាំង ៣នាក់មានឈ្មោះហាច ធី អាយុ ១៦ឆ្នាំ, ឈ្មោះព្រុំ គីម៉ើយ អាយុ ៨ ឆ្នាំ និងឈ្មោះឡុច ស្រីពៅ អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិតាស្តា ភូមិត្រពាំងព្រលិត ស្រុកសំពៅលូន ខេត្តបាត់ដំបង។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យភូមិភាគ ៥សំពៅលូន មានសភាពដឹងខ្លួនរួចផុតគ្រោះថ្នាក់ហើយ៕