ដោយ៖ ព្រះអង្គខ្មៅ
បាត់ដំបង÷ សមត្ថកិច្ចក្រុងបាត់ដំបងបានចុះប្រមូលជនអនាថា ជនវិបល្លាស ២០នាក់ដើរចល័តតាមសួនច្បារក្រុង ផ្លូវសាធារណៈ ទីប្រជុំជនក្រុង ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពរបស់អ្នកទេសចរ។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា÷ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៤កន្លងមកនេះ កម្លាំងផ្នែកជំនាញបានចុះប្រមូលជនអនាថា និងជនវិបល្លាសគ្មានទីជម្រកច្បាស់លាស់សរុបចំនួន ២០នាក់ (ស្រី ១នាក់) ដែលក្រុមជនទាំងនេះកន្លងមកតែងតែដើរសុំទាន ស្រែកឡូឡាមិនថាពេលយប់ ឬថ្ងៃ និងបង្កជាជម្លោះផ្សេងៗយ៉ាងអណាធិបតេយ្យគ្មានសណ្តាប់ធ្នាប់។
ការចុះប្រមូលជនអនាថា ជនវិល្លាសពីទីប្រជុំជនក្រុងជាថ្មីទៀតនេះក្នុងគោលបំណងរក្សានូវសន្តិសុខ របៀបរៀបរយ ពិសេសផ្តល់ភាពកក់ក្តៅ និងសុវត្ថិភាពដល់ភ្ញៀវទេសចរនានាដែលបានធ្វើដំណើរមកលំហែ សម្រាកកម្សាន្តនៅក្នុងមូលដ្ឋានខេត្តបាត់ដំបងនេះ។
កម្លាំងនគរបាលដដែលបន្តថា÷ យុទ្ធនាការខាងលើនេះដែរ អាជ្ញាធរក្រុង ក៏ដូចជាសមត្ថកិច្ចគ្រោងនឹងបន្តចុះប្រមូលក្រុមជនអនាថា ជនមានសតិមិនគ្រប់បន្តថែមទៀតសំដៅធានាបាននូវជំនឿទុកចិត្ត បរិបូរណ៍ដោយសុវត្ថិភាពសប្បាយរីករាយយ៉ាងល្អប្រសើរសម្រាប់ប្រជាពលរដ្ឋទូទៅ ភ្ញៀវអ្នកទេសចរផងដែរ៕