ដោយ៖កំចាយ
កំពត÷ ដោយសារស្ថានភាពអាកាសធាតុនៅតែបន្តកើនកម្តៅខ្លាំង កាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោស្នងការខេត្តកំពតបានបញ្ជាដល់កម្លាំងការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យយករថយន្តដឹកទឹកទៅស្រោចស្រពនៅបរិវេណសាលាបឋមសិក្សាហ៊ុន សែន១មករា ស្ថិតនៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ កិច្ចអន្តរាគមន៍ជួយសម្រួលសម្រាប់អាកាសធាតុខុសប្លែកធម្មតានេះនឹងបន្តធ្វើគ្រប់ទីកន្លែងទូទាំងខេត្តកំពតស្របតាមតម្រូវការបន្ទាន់។
លោក ម៉ក់ ឆាឡែម នាយកសាលាបឋមសិក្សាហ៊ុន សែន១មករាបានបញ្ជាក់ថា នាប៉ុន្មានថ្ងៃនេះ កម្តៅក្នុងបរិវេណសាលាបានកើនឡើងខ្ពស់រហូតគណ:គ្រប់គ្រងសម្រេចកាត់បន្ថយម៉ោងរៀនស្របតាមការណែនាំរបស់ក្រសួងអប់រំ។ ជាដំណោះស្រាយបឋម ក្រៅពីណែនាំឱ្យបើកទ្វារបង្អួចទាំងអស់ គណ:គ្រប់គ្រងបានតម្រូវដល់គ្រូប្រចាំថ្នាក់អំពាវនាវទៅមាតាបិតាសិស្សចូលរួមជាថវិកាទិញកង្ហារមកបំពាក់ក្នុងបន្ទប់។
លោកនាយកសាលាបានបន្តថា មកដល់ពេលនេះ បន្ទប់រៀនខ្លះមានកង្ហារពី៥គ្រឿងទៅ៦គ្រឿងហើយផ្អែកតាមភាពរួសរាន់របស់អាណាព្យាបាលមួយចំនួន។ អ្វីដែលគណ:គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទទួលបាន ហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនោះ គឺនៅម៉ោង២រសៀលថ្ងៃទី៣ ខែឧសភា វេលាដែលកំពុងក្តៅខ្លាំង លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានបញ្ជូនរថយន្តធុនធំ២គ្រឿងដឹកទឹកមកបាញ់ស្រោចដំបូលថ្នាក់រៀន និងទីធ្លាក្នុងបរិវេណសាលាទាំងមូលធ្វើឲ្យសិស្សានុសិស្សសប្បាយរីករាយគ្រប់គ្នា។
ប្រាប់ឱ្យដឹងនារសៀលថ្ងៃដដែលនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធូមធុរិទ្ធ បានមានប្រសាសន៍ថា ចាប់តាំងពីពេលកើនឡើងកម្តៅខ្លាំងរហូតដល់ថ្ងៃនេះ សមត្ថកិច្ចជំនាញបានយកចិត្តទុកដាក់ក្នុងការចុះជួយអន្តរាគមន៍ទាំងការពន្លត់អគ្គិភ័យ ការស្រោចស្រពតាមគ្រឹះស្ថានសិក្សា ក៏ដូចជាការផ្តល់ទឹកជូនពលរដ្ឋ សាលារៀន និងទីអារាមផងដែរ។ ក្នុងករណីស្ថានភាពអាកាសធាតុមិនចុះត្រជាក់ និយាយរួមប្រសិនបើមិនមានភ្លៀងធ្លាក់ទេ កម្លាំងជំនាញរបស់លោកនឹងចុះជួយអន្តរាគមន៍គ្រប់ទីកន្លែងនៅទូទាំងខេត្តលើកិច្ចការងារដែលមិនអាចខ្វះបាននោះ។ ប៉ុន្មានថ្ងៃនេះ កម្លាំងរបស់ស្នងការដ្ឋានខេត្តបានចុះអន្តរាគមន៍នៅបណ្តាក្រុងស្រុកមួយចំនួន ដូចជា ស្រុកទឹកឈូ ស្រុកជុំគិរី ស្រុកដងទង់ ស្រុកកំពង់ត្រាច ក្រុងកំពត ក្រុងបូកគោជាដើម៕