សន្ដិសុខសង្គម

លុបឈ្មោះយោធាម្នាក់ចេញពីក្របខ័ណ្ឌក្រោយផ្ទុះអាវុធបាញ់មេឃ

ដោយ÷សុខុម
ភ្នំពេញ÷ក្រសួងការពារជាតិនៅថ្ងៃទី៣ ឧសភា ២០២៤ បានចេញសេចក្តីសម្រេច លុបឈ្មោះយោធាម្នាក់ចេញពីក្របខ័ណ្ឌដោយសាររឿងប្រើប្រាស់កាំភ្លើង។
យោធារូបនោះគឺលោកវរសេនីយ៍ត្រី ផាត ផានណូ មានអត្តលេខ ០៦៩៣០១ តួនាទីជា ជំនួយការ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ។

សេចក្តីសម្រេចលុបឈ្មោះចេញពីក្របខ័ណ្ឌយោធាធ្វើឡើងបន្ទាប់ពីមន្រ្តីរូបនេះផ្ទុះអាវុធចំនួន៥គ្រាប់កាលពីទៀបភ្លឺ ថ្ងៃទី២ឧសភា ២០២៤ នៅតាមបណ្តោយផ្លូវ២៣៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អតីតយោធាខាងលើបានបំភ្លឺថា ខ្លួនឆ្លៀតពេលពីការងារទៅបម្រើការផ្នែកសន្តិសុខ នៅកន្លែងកម្សាន្ត នឹកX ២ខែមកហើយ។នៅថ្ងៃកើតហេតុ វេលាម៉ោងជាង០៣ទៀបភ្លឺ ពេលចេញពីធ្វើការជិះម៉ូតូដល់មុខផ្ទះ ស្រាប់តែឃើញក្រុមក្មេងស្ទាវ ៤នាក់ រត់ចេញពីផ្លូវតូច សំដៅមកខ្លួន មិនដឹងជាមានបំណងអ្វី ដើម្បីការពារខ្លួនក៏ដកអាវុធខ្លីពីចង្កេះបាញ់ឡើងលើចំនួន០៥គ្រាប់ ហើយមិនបណ្តាលឱ្យមានរបួសអ្នកណាម្នាក់ឡើយ ។ពេលនោះក្រុមក្មេង បានរត់បាត់អស់ រួចខ្លួនចាក់សោទ្វារចូលផ្ទះសម្រាក។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅដល់ស្រាវជ្រាវនិងនាំខ្លួនមន្ត្រីយោធាម្នាក់នេះ មកសួរនាំ រហូតឈានដល់លុបឈ្មោះចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ៕