ដោយ : បន្ទាយ
ភ្នំពេញ : លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងនាម រាជរដ្ឋាភិបាលកម្ពុជាបានបន្តជួបប្រជុំ ផ្សព្វផ្សាយដើម្បីពន្យល់ បំភ្លឺពីគម្រោងព្រែកជីកហ្វ៊ូណន តេជោដែលជាគម្រោងសិក្សាដោយកម្ពុជា និងត្រូវអនុវត្តដោយក្រុមហ៊ុនរបស់ចិនក្នុងទឹកប្រាក់ប្រមាណ១ .៧០០លានដុល្លារអាមេរិក ។
ក្នុងនោះកាលពីព្រឹកថ្ងៃទី៣ខែឧសភា នៅសាលប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា-វត្តភ្នំលោកបានរៀបចំកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូត ឯកអគ្គ រាជ ទូត ក៏ដូចជាមន្ត្រីតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា រួមមានវៀតណាមផងដែរ ក្នុងគោលបំណងពន្យល់និងបង្ហាញព័ត៌មាននានាពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន-តេជោ ។
និងជិតថ្ងៃត្រង់ថ្ងៃទី៧ខែឧសភា ដដែលនោះ មានវេទិកាពិភាក្សាជាមួយក្លិបអ្នកកាសែតកម្ពុជាស្តីពី’ស្ថានភាពវិនិយោគនៅកម្ពុជានិងវឌ្ឍនភាពគម្រោងព្រែកជីកហ្វ៊ូណន តេជោ’ ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងសម្របសម្រួលដោយលោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា(CCJ) ។
ហើយនៅថ្ងៃបន្ទាប់ លោកនឹងបន្តយកប្រធានបទនេះទៅផ្សព្វផ្សាយដល់និស្សិតដែលមកពីគ្រឹះស្ថានឧត្តមសិក្សានានា ។
គួររំលឹកដែរថា ការពន្យល់និងបង្ហាញព័ត៌មានបែបនេះសង្ខេបក៏បានធ្វើរួចហើយដែរជូនលោកឧបនាយករដ្ឋមន្ត្រីវ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន ខណ:លោកអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០២៤ ពោលគឺបន្ទាប់ពីបានធ្វើលើកទី១ នៅទីស្តីការគណ:រដ្ឋមន្ត្រីកាលពីឆ្នាំ២០២៣ ។
លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល បានបញ្ជាក់ថា: គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងដឹកជញ្ជូនផ្លូវទឹកតភ្ជាប់រវាងទន្លេ និងសមុទ្រកម្ពុជា ដែលមានគុណប្រយោជន៍មហាសាលពាក់ព័ន្ធការធ្វើពាណិជ្ជកម្មរបស់កម្ពុជានេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយបញ្ជៀសទឹកជំនន់ពីប៉ែកខាងត្បូងរាជធានីភ្នំពេញ ភូមិសាស្ត្រស្ទឹងព្រែកត្នោត ជួយឱ្យរាជធានីភ្នំពេញ និងខេត្តកណ្តាលលែងលិចលង់ដោយសារជំនន់ទឹកភ្លៀងផងដែរ។
ហើយគម្រោងនេះអត់មានផលប៉ះពាល់នៅកម្ពុជា ក៏អត់ប៉ះពាល់ដល់វៀតណាមដែរ ផ្ទុយទៅវិញគម្រោងនេះនឹងជួយបង្កើតជម្រកថ្មីសម្រាប់ជីវចម្រុះ មានត្រី បក្សី វារីសត្វ វារីរុក្ខជាតិ និងសត្វល្មូន ជួយរក្សានិរន្តភាពបរិស្ថាន រំហូរទឹក ចំណីធម្មជាតិ កាត់បន្ថយគ្រោះទឹកជំនន់ និងរាំងស្ងួត គឺមានទឹកពេញរហូត។
សូមរំលឹកថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់ សមុទ្រ របស់កម្ពុជា ដោយ ឆ្លង កាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង ប្រមាណ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ ទុន ប្រមាណ១,៧០០លាន ដុល្លារ អាមេរិក ហើយត្រូវបានកម្ពុជាសិក្សាគម្រោងល្អិតល្អន់រួចហើយដោយប្រើរយៈពេលប្រមាណ២៦ខែ។
គម្រោងនេះមានជម្រៅទឹកត្រឹមតែ៥.៤ម៉ែត្រប៉ុណ្ណោះ។
ព្រែកជីកហ្វូណន-តេជោ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភាកម្ពុជាបានគូសបញ្ជាក់ថាមានផលប្រយោជន៍យ៉ាងហោចណាស់ចំនួន៤ រួមមាន៖
ទី១៖ បង្កើតបណ្តាញដឹកជញ្ជូនតាមផ្លូវទឹកប្រទាក់ក្រឡាគ្នាពីទន្លេទៅសមុទ្រ ដោយមិនបាច់ឆ្លងកាត់វៀតណាម មិនបាច់បង់ថ្លៃបន្ថែម ឬមិនខកដំណើរពេលវៀតណាម មិនសប្បាយចិត្ត។ ទី២៖ បង្កើតប្រភពទឹកសម្រាប់ការស្រោចស្រពនៃទិសនិរតីនៃប្រទេសកម្ពុជា។ បង្កើនលទ្ធភាពបង្កបង្កើនផលច្រើនដង និងដោះស្រាយបញ្ហាគ្រោះរាំងស្ងួត។ ទី៣៖ ជួយរំដោះទឹកជំនន់នៅតាមខេត្តទិសនិរតីនៃប្រទេសកម្ពុជា។ ទី៤៖ បង្កើតប្រភពត្រីក្នុងព្រែក និងបម្រើដល់វារីវប្បកម្ម (ការចិញ្ចឹមសត្វក្នុងទឹកដូចជាចិញ្ចឹមត្រី…) ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយអ្នកជំនាញអន្តរជាតិមកពីគ្រប់ភាគីពាក់ព័ន្ធជិត៥០នាក់ កម្ពុជាបានសិក្សាផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វណន-តេជោរួចអស់ហើយ គឺប៉ះផ្ទះពលរដ្ឋជាង១៥០០ខ្នង ដីស្រែជិត៣ម៉ឺនហិកតា និងហេដ្ឋារចនាសម្ពន្ធតិចណាស់ ពោលគឺគម្រោងនេះមានផលប៉ះពាល់តិចតួចបំផុត។ ស្ពាន៣កន្លែង រោងចក្រ១ ដីលំនៅឋាន១៤៩.៥ហិកតា ផ្លូវជាតិ១៨ខ្សែ ប្រវែង៤គីឡូម៉ែត្រ ផ្លូវលំ៧០ខ្សែ ប្រវែង៤៥គីឡូម៉ែត្រ ទំនប់ទឹក២ខ្សែ ប្រឡាយទឹក១៣ខ្សែ ដីស្រែ២.៩ពាន់ហិចតា»។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ដីស្រែ២.៩ពាន់ហិកតា បើមើលតាម Google សុទ្ធតែទឹកទាំងអស់ ដូចនេះគម្រោងព្រែកជីកហ្វូណនតេជោនេះ មិនមានផលប៉ះពាល់អីធ្ងន់ធ្ងរនោះទេ ។
ពាក់ព័ន្ធនឹងផលប៉ះពាល់នេះ ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជួនឯកសារទាំងអស់ទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងផែនទីពាក់ព័ន្ធ ដែលមានតួនាទីដោះស្រាយផលប៉ះពាល់ទៅតាមច្បាប់។
លោកឧបនាយករដ្ឋមន្ត្រីបានសំណូមពរថា កុំរត់ទៅទិញដីនៅតាមបណ្ដោយព្រែកទាំងនោះឱ្យសោះ ព្រោះសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានចេញអនុក្រឹត្យបង្កកដីទាំងនោះអស់ហើយ ផ្ទុយទៅវិញសូមចូលរួមជាមួយរាជរដ្ឋាភិបាលធ្វើគម្រោងព្រែកជីកហ្វូណន-តេជោនេះឱ្យបាន។
បើយោងឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងព្រែកជីកហ្វូណន-តេជោនឹងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១ម៉ឺននាក់ ព្រមទាំងអ្នកបច្ចេកទេសនៃក្រសួង ស្ថាប័នរបស់កម្ពុជាខ្លះដែរ ហើយនេះជាឱកាសចូលរួមកសាងស្នាដៃធំធេងក្នុងប្រវត្តិសាស្ត្រជាតិ។
ទាំងការងារសាងសង់ ទាំងការងារផ្សេងៗ ព្រមទាំងអ្នកបច្ចេកទេសនៃក្រសួង ស្ថាប័នរបស់កម្ពុជាខ្លះដែរ ហើយនេះជាឱកាសចូលរួមកសាងស្នាដៃធំធេងក្នុងប្រវត្តិសាស្ត្រជាតិសម្រាប់ពួកគេ។ត្រូវចំណាយពេល៤ឆ្នាំចាប់ពីឆ្នាំ២០២៤ ឬឆ្នាំ២០២៥។
ទាក់ទិនការសួរថា តើព្រែកនេះ អាចធ្វើអោយបាត់បង់ទឹកដីឬព្រែកនេះក្លាយជាខ្សែបន្ទាត់ព្រំដែនថ្មីរវាងកម្ពុជា វៀតណាមដូចក្រុមប្រឆាំងចោទមួលបង្កាច់ដែរឬទែ? លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនធ្វើឱ្យបាត់បង់ទឹកដី ដូចក្រុមប្រឆាំងលើកឡើងនោះទេ ហើយក្នុងនោះកម្ពុជាដាច់ខាតមិនយកដីអ្នកណាមួយចង្អាម ហើយកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាយកទឹកដីកម្ពុជាមួយចង្អាមដូចគ្នាដែរ។
លោកបានថ្លែងថា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចមហាបវរធិបតី និងប្រជាពលរដ្ឋខ្មែរទាំងមូល កម្ពុជាមិនយកដីអ្នកណាមួយចង្អាម ហើយកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាយកទឹកដីកម្ពុជាមួយចង្អាមដូចគ្នា»។
នេះជាការការពារបូរណភាពទឹកដីកម្ពុជា យើងជាកូនខ្មែរគឺមានភារកិច្ចការពារបូរណភាពទឹកដីរបស់កម្ពុជាយើង ។
ហើយលោកជឿជាក់ថា គ្មានបានបាត់ដីមួយចង្អាមណានោះទេ ហើយក៏គ្មានការដូរដាក់ផែនទី មកដាក់នៅព្រែកជីកហ្វូណន តេជោ ជាព្រំប្រទល់ជាមួយនឹងវៀតណាមនោះទេ។
លោកបានថា «យើងខ្ញុំក៏ចេះស្នេហាជាតិ ស្រលាញ់ជាតិដូចអស់លោកដែរ កុំថាយើងល្ងង់មិនការពារប្រយោជន៍ជាតិនោះ ចឹងសូមកុំបារម្ភអត់បាត់មួយចង្អាមនោះទេ»។
ហើយនៅពេលព្រែកជីកហ្វូណន-តេជោចាប់ដំណើរការហើយនោះ ប្រជាពលរដ្ឋដែលអាស្រ័យនឹងទឹកព្រែកនេះអាចប្រកបរបរនេសាទ ប្រើប្រាស់ទឹកស្រោចស្រពដំណាំកសិកម្មនិងប្រើប្រាស់ជាប្រយោជន៍ផ្សេងៗបាន ខណៈតាមការប៉ាន់ស្មានរបស់ក្រសួង ព្រែកជីកនេះនឹងផ្ដល់ផលត្រីបានប្រមាណ៥៤០តោនក្នុងមួយឆ្នាំៗ។
ឯតាមការព្យាកររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ព្រែកជីកនេះនឹងផ្ដល់ផលត្រីបានប្រមាណ៥៤០តោនក្នុងមួយឆ្នាំ ។
នៅពេលចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន គឺភាគីរាជរដ្ឋាភិបាលកម្ពុជាបានហាមដាច់ខាតមិនឱ្យក្រុមហ៊ុនទារកម្រៃ ឬភាស៊ីពីប្រជាពលរដ្ឋដែលចូលទៅនេសាទក្នុងព្រែកជីកនេះឡើយ ។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា តាមរយៈការបញ្ជាក់របស់លោក ផាទ្រីក មូរហ្វ៊ី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ភាគីសហរដ្ឋអាមេរិកគ្មានជំទាស់នឹងគម្រោងព្រែកជីកហ្វ៊ូណន-តេជោរបស់កម្ពុជានោះឡើយ ព្រោះគម្រោងនេះធ្វើនៅក្នុងអធិបតេយ្យកម្ពុជាសុទ្ធសាធ ៕