សន្ដិសុខសង្គម

មន្រ្តីយោធាស័ក្តិ៤ផាត ផានណូ ដែលបានបាញ់បោះសេរី ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការហើយ

ដោយ : បន្ទាយ 

បន្ទាយមានជ័យ៖ ផ្នែកជំនាញព្រហ្មទណ្ឌនៃកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ បានចាប់កសាងសំណុំរឿងបញ្ជូនវរសេនីយ៍ត្រី ផាត ផានណូ ដែលបានបាញ់បោះសេរី ទៅដល់តុលាការហើយ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនមន្រ្តីយោធាស័ក្តិ៤រូបនេះ បន្ទាប់ពីបានបាញ់បោះសេរីចំនួន៥គ្រាប់ នៅតាមបណ្តោយផ្លូវ២៣៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ៣ទៀបភ្លឺ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។

រយៈពេល៣ម៉ោងក្រោយផ្ទុះអាវុធ មន្រ្តីយោធានោះត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ។

ពាក់ព័ន្ធនឹងកំហុសយោធានេះ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ក៏បានចេញសេចក្តីសម្រេច លុបឈ្មោះវរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទផងដែរ។

សូមបញ្ជាក់ថា លោកវរសេនីយ៍ត្រីផាត ផានណូ មានអត្តលេខ០៦៩៣០១ ជាជំនួយការ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ៕