អន្តរជាតិ

តុលាការពិន័យអ្នកជិះយន្តហោះជាង២ម៉ឺនដុល្លារពីបទគំរាមកំហែងបង្វែរទិសដៅយន្តហោះ

ប្រែសម្រួល៖ ស-សម្បត្តិ

អ្នកដំណើរម្នាក់បានបង្កភាពរញ៉េរញ៉ៃនៅលើយន្តហោះជើងហោះហើរ United Airlines, Newark-bound ត្រូវបានចាប់ខ្លួន បន្ទាប់មកចៅក្រមសហព័ន្ធបញ្ជាឲ្យបង់ប្រាក់ពិន័យដល់ក្រុមហ៊ុន United ជាង ២០៦៣៨ ដុល្លារពីបទគំរាមកំហែងដោយបានបង្ខំឲ្យអ្នកបើកយន្តហោះបង្វែរទិសដៅយន្តហោះទៅរដ្ឋ Maine។

អ្នកដំណើរជនជាតិអង់គ្លេសAlexander Michael Dominic MacDonaldត្រូវបានចៅក្រមសហព័ន្ធបញ្ជាឲ្យបង់ប្រាក់ពិន័យដល់ក្រុមហ៊ុន United ជាង ២០៦៣៨ ដុល្លារជាសំណងដល់ក្រុម United ក្នុងឧប្បត្តិហេតុបង្កឡើងដោយAlexander Michael Dominic MacDonaldនៅថ្ងៃទី ១ ខែមីនា ដោយសារតែគាត់បានគំរាមថានឹងធ្វើឲ្យ “រញ៉េរញ៉ៃនៅលើយន្តហោះ” បន្ទាប់មកគាត់ត្រូវបានចាប់ខ្លួពីបទគំរាមកំហែងដោយសារតែហេតុផលនេះចៅក្រមសហព័ន្ធបានសម្រេចឲ្យគាត់ទូទាត់សំណងដល់ក្រុម United កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

Alexander Michael Dominic MacDonaldអាយុ ៣០ ឆ្នាំត្រូវបានចាប់ខ្លួននិងស្ថិតនៅក្នុងការឃុំឃាំងចាប់តាំងពីគាត់បានបង្កឲ្យមានសភាពរញ៉េរញ៉ៃលើយន្តហោះ។គាត់នឹងត្រូវកាត់ទោសបន្ទាប់មកនឹងត្រូវបានបញ្ជូនត្រឡប់ទៅចក្រភពអង់គ្លេសវិញដោយមន្រ្តីអន្តោប្រវេសន៍សហរដ្ឋអាមេរិក នេះបើយោងតាមនីតិវិធីរដ្ឋបាលរបស់តុលាការស្រុក Maine សហរដ្ឋអាមេរិក។.

MacDonald បានទទួលស្គាល់ថាខ្លួនពិតជាមានកំហុសដោយបានគំរាមសមាជិកនាវិកនៅលើយន្តហោះនិងបង្កឲ្យមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងជាមួយមិត្តស្រីរបស់គាត់នៅលើជើងហោះហើរ United Flight 883 ចេញពីអាកាសយានដ្ឋាន Heathrow ទីក្រុងឡុងដ៍ ហើយត្រូវបាននាវិកបើកបរយន្តហោះសុំឲ្យរក្សាសភាពស្ងប់ស្ងាត់ នេះបើយោងតាមការបញ្ជាក់របស់មន្រ្តី FBIអាមេរិក ។

សមាជិកនាវិកបានព្យាយាមធ្វើឲ្យបុរសជនជាតិអង់គ្លេសដ៏ឆ្កួតលេលាម្នាក់នេះរក្សាភាពស្ងប់ស្ងាត់ ប៉ុន្តែគាត់កាន់តែសម្តែងអាកប្បកិរិយារញ៉េរញ៉ៃលើយន្តហោះកាន់តែអាក្រក់ទៅៗថែមទៀត។

អ្នកបើកបរយន្តហោះបានសម្រេចចិត្តថា យន្តហោះគួរតែចុះចតឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីយកគាត់ចេញពីយន្តហោះនេះគឺជាវិធីដែលអាចរក្សាសុវត្ថិភាពរបស់អ្នកបើក និងជើងហោះហើរបាន។

យន្តហោះដែលមានអ្នកដំណើរ ១៦០ នាក់ និងសមាជិកនាវិក ១០ នាក់នៅលើយន្តហោះនោះ បន្ទាប់មកបានសម្រេចចុះចតនៅទីក្រុង Bangor រដ្ឋ Maine ជាកន្លែងដែល Hothead និងមិត្តស្រីរបស់គាត់ត្រូវបានបញ្ជូនចេញពីលើយន្តហោះ ហើយត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះ នៅមុនពេលយន្តហោះចេញដំណើរម្តងទៀតឆ្ពោះទៅកាន់គោលដៅដើមរបស់ខ្លួន។

វីដេអូដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា MacDonald ត្រូវបានចាប់ខ្លួនហើយអមដំណើរដោយមន្រ្តីប៉ូលិសចុះពីលើយន្តហោះដោយជាប់ខ្នោះជើង និងដៃដើរសំដៅទៅរថយន្តប៉ូលិសដែលកំពុងរង់ចាំនៅលើ tarmac ខណៈដែលអ្នកដំណើរនៅលើយន្តហោះមានការត្រេកអរយ៉ាងខ្លាំង។

របាយការណ៍ស្តីអំពីអ្នកដំណើរមិនគោរពច្បាប់បានឈានដល់កម្រិតកំពូលដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងឆ្នាំ ២០២១ បន្ទាប់ពីមានការរឹតបន្តឹងការធ្វើដំណើរក្នុងសម័យរាតត្បាតត្រូវបានដកចេញជាមួយនឹងរបាយការណ៍ជិត ៦,០០០ករណី នេះបើយោងតាមស្ថិតិរបស់ទីភ្នាក់ងាររដ្ឋបាលអាកាសចរណ័សហព័ន្ធហៅកាត់ថា FAA ។

តួលេខនេះឃើញថាបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីពេលនោះមក ប៉ុន្តែនៅតែលើសពីកម្រិតដែលកើតឡើងនៅមុនសម័យរាតត្បាតដែលមានចំនួន ២,០៧៥ នាក់កាលពីឆ្នាំមុន និង ៦៤៩ នាក់មកទល់ពេលនេះនៅក្នុងឆ្នាំ ២០២៤ ៕