ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ ÷ ពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញ បង្ការ ពន្លត់ឣគ្គិភ័យ និងសង្គ្រោះ ដល់កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យនិងខេត្តស្វាយរៀង បានធ្វើនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ដែលមានលោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី ឣនុប្រធាននាយកដ្ឋាន នគរបាលបង្ការ ពន្លត់ឣគ្គិភ័យ និងសង្គ្រោះ មកពីឣគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ។
ក្នុងពិធីនោះដែរមានការឣញ្ជើញចូលរួមពីគ្រូឧទ្ទេសនាមជាច្រើនរូបនិងសិក្ខាកាមកងរាជអាវុធហត្ថខេត្តនៃវគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ ដែលមានសិក្ខាកាមចូលរួមចំនួន១១៦នាក់ ក្នុងនោះពីខេត្តបន្ទាយមានជ័យជាម្ចាស់ផ្ទះចំនួន៧៦នាក់និងពីសិក្ខាកាមមកពីខេត្តស្វាយរៀង៤០នាក់។
លោកឧត្តមសេនីយ៍ត្រី វង្ស ធី ក៏បានថ្លែងអំណរគុណដល់នាយ នាយរងអាវុធហត្ថទាំងពីរខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការក្រេបយកចំណេះដឹង មេរៀន ក៏ដូចជាវិធីក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីគ្រោះអគ្គិភ័យ ។
ក៏ដូចជាការអនុវត្តជាក់ស្ដែងនៃការពន្លត់អគ្គិភ័យ តាមបទបង្ហាញរបស់គ្រូឧទ្ទេសនាមឣស់រយ:ពេល២ថ្ងៃប្រកបដោយជោគជ័យ ដោយស្មារតីទទួលខុសត្រូវ និងគោរពវិន័យបានល្ឣ។
ទន្ទឹមជាមួយគ្នានោះលោកឧត្តមសេនីយ៍ ត្រី វង្ស ធី ក៏បានណែនាំដល់អាវុធហត្ថទាំង២ខេត្ត ត្រូវយកចំណេះជំនាញទាំងអស់នេះ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះឧបទ្ទវហេតុផ្សេងៗ ជាពិសេសគ្រោះអគ្គិភ័យដែលតែងតែកើតមានឡើង។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោសឿ រិទ្ធី ឣនុប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់ឣគ្គិភ័យនិងសង្គ្រោះ នៃឣគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឱ្យដឹងថា : ក្នុងរយៈពេល ០៣ថ្ងៃនេះ គ្រូឧទ្ទេសនាមបានធ្វើបទបង្ហាញនូវមេរៀនចំនួន ៥៖
១-បទបង្ហាញអំពីច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធនឹងអគ្គិភ័យ, ២-នីតីវិធីបង្ការអគ្គិភ័យ និងការសង្គ្រោះ, ៣-តួនាទីភារកិច្ចរបស់ភ្នាក់ងារពន្លត់អគ្គិភ័យ, ៤-បច្ចេកទេសក្នុងការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ, ៥-បច្ចេកទេសក្នុងការពន្លត់អគ្គិភ័យ (ការពន្លត់អគ្គិភ័យលើសារធាតុរឹង, ការពន្លត់អគ្គិភ័យលើសារធាតុរាវ, ការពន្លត់អគ្គិភ័យលើឧស្ម័ន, សំណង់អគារច្រើនជាន់)។ល។
លោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី ក៏បានបញ្ជាក់ពីគោលបំណងនៃវគ្គបណ្តុះបណ្តាល នេះ ដើម្បីឱ្យសិក្ខាកាមសិក្សាឈ្វេងយល់ នូវអ្វីដែលជាចំណេះដឹងក្នុងការហ្វឹកហាត់ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អនុវត្តទាំងបាញ់ដោយថ្មើរជើង និងលើរថយន្តអគ្គិភ័យផងដែរ។
ជាមួយគ្នានោះលោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងឣស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះករណីអគ្គិភ័យនៅក្នុងរដូវក្តៅនេះ អភ្គិភ័យអាចនិងងាយកើតមានឡើងបើងយើងមិនមានការប្រុងប្រយ័ត្នខ្ពស់ តាមរយៈប្រើប្រាស់ធូប ទៀន អគ្គិសនី ឬហ្គាសជាដើម ៕