អន្តរជាតិ

ឧក្រិដ្ឋជនម្នាក់បាញ់សម្លាប់មន្ត្រីប៉ូលិសចំនួន៤នាក់នៅក្នុងក្រុង Charlotte,សហរដ្ឋអាមេរិក

ប្រែសម្រួល៖ ស្រីស្រស់

យោងតាមរូបភាពនៃសកម្មភាពដ៏ច្របូកច្របល់ក្នុងវីដេអូបានបង្ហាញអំពីការបាញ់ប្រហារមួយបានផ្ទុះឡើងនៅរដ្ឋ North Carolina បង្កឲ្យមន្ត្រីប៉ូលិសបួននាក់ស្លាប់និងជាច្រើននាក់ទៀតរងរបួស ខណៈដែលពួកគេព្យាយាមអនុវត្តដីកាចាប់ខ្លួនជនសង្ស័យ។

មន្ត្រីប៉ូលិសបាននិយាយថាកាលពីរសៀលថ្ងៃចន្ទ ឆ្មាំ Marshals អាមេរិកម្នាក់ និងប៉ូលិសបីនាក់ត្រូវបានត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់បន្ទាប់ពីជនសង្ស័យTerry Clark Hughes Jr អាយុ ៣៩ឆ្នាំដែលត្រូវប៉ូលិសតាមចាប់ខ្លួនបានបើកការបាញ់ប្រហារមកលើក្រុមប៉ូលិសនៅខាងក្រៅផ្ទះក្នុងទីក្រុង Charlotte ។

ខណៈដែលប៉ូលិសព្យាយាមចាប់ខ្លួនជនសង្ស័យដែលមានអាវុធធុនធ្ងន់ក៏បានចាប់ផ្តើមបាញ់តបតវិញដោយមានអ្នកលបបាញ់ស៊ីបពីចម្ងាយចូលរួមផងដែរ។

យោងតាមរូបភាពនៅក្នុងវីដេអូនេះ បានបង្ហាញឲ្យឃើញបុរសម្នាក់សុំអ្នកជិតខាងនៅទីនោះឲ្យជួយបើកសោទ្វារចូលទៅក្នុងផ្ទះមួយ ខណៈពេលនោះក៏មានប៉ូលិសប្រដាប់អាវុធពីរនាក់បានលាក់ខ្លួននៅពីក្រោយឡានក្នុងទីធ្លារបស់គាត់ហើយបានបាញ់ប្រហារចេញពីរបាំងការពារ។

ការបាញ់ប្រហារបង្ហូរឈាមដ៏សាហាវបំផុតសម្រាប់ការអនុវត្តច្បាប់របស់អាមេរិកនៅក្នុងឧប្បត្តិហេតុមួយនេះបើគិតចាប់តាំងពីឆ្នាំ ២០១៦ មកបានផ្ទុះឡើងនៅក្នុងខណ:ពេលដែលឆ្មាំ Marshals បានចូលទៅដល់ផ្ទះ Clark Hughes Jr ដើម្បីប្រកាសដីកាចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់។

លោក Johnny Jennings មេប៉ូលិស Charlotte-Mecklenburg បាននិយាយថា ជនល្មើសបានបើកការបាញ់ប្រហារមកលើមន្ត្រី ខណៈដែលពួកគេបានចូលទៅខាងក្នុងផ្ទះ។គាត់​ត្រូវ​បាន​គេ​បាញ់​ស្លាប់​ភ្លាមៗ​នៅ​ទីធ្លា​ខាងមុខផ្ទុះ។

Jennings បានបន្ថែមថាជនល្មើសបានចាប់ផ្តើមបាញ់តដៃពីខាងក្នុងផ្ទះបណ្តាលឲ្យប៉ូលិសបួននាក់ស្លាប់និងមួយចំនួនទៀតបានរងរបួស។

ក្រោយ​មានការបាញ់តដៃ​​ពីសំណាក់ជល្មើសយ៉ាងខ្លាំងក្លា​អស់​រយៈពេល​៣​ម៉ោងប៉ូលិសបានប្រើរថពាសដែក​បើកបំ​បុក​ចូលក្នុង​ផ្ទះហើយជនល្មើសត្រូវបានបាញ់សម្លាប់នៅខាងមុខផ្ទះ​។

នាយកដ្ឋានពន្ធនាគារនៃរដ្ឋ North Carolina បានកំណត់អត្តសញ្ញាណមន្ត្រីក្រុមការងារពីរនាក់ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់គឺ Sam Poloche និង Alden Elliot ។ អ្នកទាំងពីរបានបំរើការជាមួយនាយកដ្ឋានពន្ធនាគារអស់រយៈពេល ១៤ ឆ្នាំហើយ។

លោក Joshua Eyer មន្ត្រីប៉ូលិស Charlotte-Mecklenburg ដែលទើបតែត្រូវបានតែងតាំងជាមន្ត្រីប្រចាំខែមេសា ក៏បានស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ។

លោក Thomas Meeks នាយរងសេនាធិការសហរដ្ឋអាមេរិក ក៏ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងការបាញ់តដៃគ្នាផងដែរ។

សមាជិកក្រុមការងារម្នាក់ ដែលរួមមានភ្នាក់ងារសហព័ន្ធ និងមន្ត្រីផ្សេងទៀតមកពីទូទាំងតំបន់ បានរងរបួស ក៏ដូចជាប៉ូលិស Charlotte-Mecklenburg បីនាក់ផ្សេងទៀតផងដែរ។

Jennings បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា “ថ្ងៃនេះយើងបានបាត់បង់វីរបុរសមួយចំនួននៅក្នុងកិច្ចអន្តរាគមន៍តាមចាប់ខ្លួនជនល្មើស” ។” វាជារឿងសោកនាដកម្មសដ៏ធំធេងបំផុតសម្រាប់ខ្ញុំ”

លោក​ប្រធានាធិបតី Biden ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​បន្ទាប់​ពី​ការ​បាញ់​ប្រហារនេះបានកើតឡើង​ដោយ​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា “ពួកគេ​គឺ​ជា​វីរបុរស​ដែល​បាន​លះបង់​ជីវិតដើម្បី​ការពារសហគមន៏របស់​យើង”។

“យើងកាន់ទុក្ខចំពោះការស្លាប់របស់ពួកគេ”៕