ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមនឹងស្នើឱ្យក្រសួងជំរុញសេវាករផ្គត់ផ្គង់ទឹកស្អាតឱ្យមានខ្លាំងក្នុងដែនអាជ្ញាបណ្ណរបស់ខ្លួន

ដោយ៖ គង់ហេង
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នឹងដាក់សំណើសុំជួយអន្តរាគមន៍ទៅក្រសួងឧស្សាហកម្ម សិប្បកម្ម ជំរុញដល់សេវាករឱ្យបង្កើនវិសាលភាព នៃការផ្គត់ផ្គង់ទឹកស្អាត បានដល់គោលដៅ នៃកិច្ចសន្យា ពោលគឺជួយណែនាំឱ្យសេវាករក្នុងខេត្តមួយនេះទាំងអស់ បំពាក់នូវម៉ាស៊ីនជំរុញកម្លាំងល្បឿនទឹកធ្វើបែបណាឱ្យបានខ្លាំង។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានលើកឡើងពីការដែលថា នឹងស្នើទៅក្រសួងឧស្សាហកម្ម សិប្បកម្ម ជួយអន្តរាគមន៍ជំរុញដល់សេវាករទឹកស្អាត នៅក្នុងការដែលឯកឧត្តមបានអញ្ជើញដឹកនាំកិច្ចប្រជុំការងារត្រៀមអន្តរាគមន៍ និងឆ្លើយតបការខ្វះខាតទឹកទឹកស្អាតប្រើប្រាស់របស់ប្រជាពលរដ្ឋ ដែលបានរៀបឡើងនៅសាលាខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ៣០ មេសានេះ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមថ្លែងថា៖ រដ្ឋបាលខេត្ត សូមរៀបចំលិខិត ទៅក្រសួងឧស្សាហកម្ម សិប្បកម្ម ដើម្បីស្នើសុំឱ្យក្រសួងស្នើសុំលើការ បង្កើនការងារផ្គត់ផ្គង់ទឹកស្អាត បានដល់គោលដៅ នៃកិច្ចសន្យា ដែលសេវាករនោះ បានទទួលការអនុញ្ញាតពីក្រសួង កន្លងមក។ ដោយសូមឱ្យក្រសួងបង្កើនវិសាលភាព នៃការផ្គត់ផ្គង់ទឹកស្អាត ឱ្យបានដល់ទីតាំងភូមិចំនួន ដែលមានក្នុងកិច្ចសន្យា ហើយភូមិណាមិនទាន់មានសេវាករទេ សូមរកដៃគូ។

ឯកឧត្តម អ៊ុន ចានដា បន្ថែមថា៖ មួយវិញទៀតសូមឱ្យ ក្រសួងណែនាំទៅកាន់សេវាករទឹកស្អាតនៅក្នុងខេត្តកំពង់ចាមទាំងអស់ គឺសូមឱ្យបំពាក់នូវម៉ាស៊ីនជំរុញកម្លាំងទឹកឱ្យបានខ្លាំង។ ដើម្បីរុញទឹកចែកចាយឱ្យបានដល់អ្នកទទួលសេវាខាងចុងគេ។ ព្រោះជាបទពិសោធន៍នៅស្រុកស្រីសន្ធរនាពេលថ្មីៗកន្លងទៅនេះ គឺមានអ្នកនៅក្បែរឬដើមប្រព័ន្ធទឹកស្អាត បានដឹកទឹកលក់ឱ្យអ្នកនៅខាងចុងនៃប្រព័ន្ធចែកចាយទឹក។

ឯកឧត្តមបានបន្តថា៖ សូមក្រសួងឧស្សាហកម្មជួយ ជំរុញឱ្យសេវាករអនុវត្តតាមកិច្ចសន្យា ធានានូវអនាម័យ ធានានូវគុណភាពទឹកស្អាត ករណីណែនាំមិនអនុវត្តតាមនោះ គឺសុំប្តូរសេវាករចេញ។ ព្រោះករណីសេវាករ មិនធ្វើតាមកិច្ចសន្យានេះ បានកើតមាននៅស្រុកបាធាយ គឺទទួលបានអាជ្ញប័ណ្ណមកហើយ សេវាករទុកអត់ធ្វើ។

សូមបញ្ជាក់ថា ខេត្តកំពង់ចាមមានមានអាជីវកម្មទឹកស្អាតចំនួន ៤៦ កន្លែង គឺរដ្ឋាករទឹកកំពង់ចាមមួយ កន្លែង និងផ្នែកឯកជនចំនួន ៤៥ កន្លែង។ ក្នុងនោះប្រតិបត្តិករដែលប្រើប្រាស់ប្រភពទឹក៖ ទឹកទន្លេមានចំនួន ២៧ កន្លែង,ទឹកអណ្តូងចំនួន ១៣ កន្លែង,ទឹកស្រះចំនួន មួយ កន្លែង, ទឹកបឹងធម្មជាតិចំនួន ២ កន្លែង៕