សន្ដិសុខសង្គម

សមត្ថកិច្ចអន្តរាគមន៍ករណីភ្លើងឆេះព្រៃភ្នំរាលដាលមកក្បែររោងចក្រផលិតទឹកសុទ្ធ

ដោយ៖ កំចាយ

កំពត÷ កម្លាំសមត្ថកិច្ចផ្នែកបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋានខេត្តកំពតបានចុះអន្តរាគមន៍បន្ទាន់ក្រោយទទួលព័ត៌មានស្តីពីភ្លើងឆេះព្រៃរាលដាលមកដល់កៀករោងចក្រផលិតទឹកបរិសុទ្ធក្បែរជើងភ្នំកំចាយ។

លោកវរសេនីយ៍ទោ អ៊ន គ្រីស នាយរងការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យបានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង៤ និង២០នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ស្នងការដ្ឋានខេត្តកំពតបានទទួលសេចក្តីរាយការណ៍ពីករណីភ្លើងឆេះព្រៃនៅជួរភ្នំកំចាយ រួចរាលដាលមកដល់ក្បែររោងចក្រផលិតទឹកបរិសុទ្ធមួយកន្លែងស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ។ភ្លាមៗ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាដល់កម្លាំងការិយាល័យជំនាញចុះអន្តរាគមន៍បន្ទាន់ដើម្បីបញ្ចៀសមហន្តរាយជាយថាហេតុ។

លោកនាយរងការិយាល័យបានបញ្ជាក់ថា ក្រៅពីការបាញ់ទឹកការពារបរិវេណជុំវិញរោងចក្របញ្ចៀសការរាលដាល គឹរថយន្ត និងកម្លាំងជំនាញត្រូវប្រចាំការបន្តដើម្បីគ្រប់គ្រងស្ថានការណ៍ឱ្យបាន១០០ភាគរយចំពោះករណីផ្តើមឡើងដោយភ្លើងឆះព្រៃនេះ៕