ភ្នំពេញ៖ គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ ដឹកនាំដោយលោក សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្មគោលនយោបាយសារពើពន្ធនិងសហប្រតិបត្តិការពន្ធដារអន្តរជាតិ (ន.នគសអ) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដាររួមដំណើរដោយលោក ម៉ុង ឡាមី ប្រធានការិយាល័យគោលនយោបាយសារពើពន្ធនៃ ន.នគសអ និងលោក សួ គានហ៊ុយ មន្ត្រីនៃអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចូលរួមសន្និសីទពន្ធដារកម្រិតខ្ពស់លើកទី១៣នៃមូលនិធិរូបិយវត្ថុអន្តរជាតិ-ជប៉ុនសម្រាប់ប្រទេសក្នុងតំបន់អាស៊ី(The Thirteenth IMF-Japan High-Level Tax Conference for Asian Countries) ជាលក្ខណៈរូបវន្ត នៅទីក្រុងតូក្យូប្រទេសជប៉ុនដែលសហការរៀបចំឡើងដោយរាជរដ្ឋាភិបាលជប៉ុន និងមូលនិធិរូបិយវត្ថុអន្តជាតិ (IMF)កាលពីថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០២៤ ។
យោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា សន្និសីទនេះប្រព្រឹត្តទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងជំនាញការនៃរដ្ឋបាលសារពើពន្ធ និងក្រសួងហិរញ្ញវត្ថុនៃ២១ប្រទេស-តំបន់រដ្ឋបាលពិសេស នៅទ្វីបអាស៊ី និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) ព្រមទាំងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ ។
លោក Kenji Okamura អនុប្រធានគ្រប់គ្រង IMF និងលោក Shuichi Hosoda ឧបការីរដ្ឋមន្ត្រីនៃក្រសួងហិរញ្ញវត្ថុនៃប្រទេសជប៉ុន បានមានមតិស្វាគមន៍និងបើកសន្និសីទដោយបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។ សន្និសីទរយៈពេល ២ ថ្ងៃនេះ បានចាប់ផ្ដើមដោយពិភាក្សាលើខ្លឹមសារសំខាន់ៗនៃបញ្ហាប្រឈមផ្នែកពន្ធដែលកំពុងលេចឡើងជាសកលរួមមាន៖
- និន្នាការពន្ធដារនៅតំបន់អាស៊ី ដោយផ្ដោតទៅលើបញ្ហាប្រឈមក្នុងការប្រមូលចំណូល ស្របពេលដែលការចំណាយមានការកើនឡើង
- បញ្ហាពន្ធអន្តរជាតិ ដែលផ្ដោតលើផលប៉ះពាល់ និងគោលនយោបាយសារពើពន្ធក្នុងស្រុក ឆ្លើយតបទៅនឹងការអនុវត្តសសរស្ដម្ភទី២ នៃក្របខ័ណ្ឌប្រកបដោយបរិយាបន្ន (Inclusive Framework) និងបញ្ហាប្រឈមចំពោះរដ្ឋបាលសារពើពន្ធអន្តរជាតិ
- ការប្រមូលពន្ធលើរូបវន្តបុគ្គលដែលមានចំណូលខ្ពស់ ដែលជាការឆ្លើយតបទៅនឹងការកើនឡើង នៃគម្លាតប្រាក់ចំណូលរបស់បុគ្គល
- ការកំណត់តម្លៃកាបូនឆ្លើយតបទៅនឹងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុមកលើកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍជាសកល
- ការកសាងសមត្ថភាពជំនាញពន្ធដារ តាមរយៈអភិបាលកិច្ចនិងគណនេយ្យភាព ដែលផ្ដោតលើបញ្ហាប្រឈមក្នុងការអនុវត្តគោលនយោបាយសារពើពន្ធ និងរដ្ឋបាលសារពើពន្ធ
- បច្ច័យនៃឌីជីថលូបនីយកម្មនិងបញ្ញាសិប្បនិម្មិត (AI)
- បញ្ហាប្រឈមនៃឌីជីថលូបនីយកម្មសម្រាប់រដ្ឋបាលសារពើពន្ធ។
តាមរយៈចំណុចពិភាក្សាខាងលើ អង្គសន្និសីទបានជជែកពិភាក្សា ផ្លាស់ប្ដូរយោបល់ និងចែករំលែកយ៉ាងផុសផុលលើករណីសិក្សាអំពីការអនុវត្តផ្ទាល់ក្នុងប្រទេសសាមី ដែលក្នុងនោះគណៈប្រតិភូនៃប្រទេសកម្ពុជាបានចូលរួមធ្វើបទបង្ហាញចំនួន ២ ស្ដីពី៖ ១. ការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូល និង២. ការកសាងសមត្ថភាពជំនាញពន្ធដារ តាមរយៈអភិបាលកិច្ច និងគណនេយ្យភាព។ ប្រធានបទទី២ ត្រូវបានធ្វើបទបង្ហាញដោយតំណាងអគ្គនាយកដ្ឋានពន្ធដារ ដោយបានលើកឡើងពីការអនុវត្តជាក់ស្ដែងរបស់អគ្គនាយកដ្ឋានពន្ធដារ អនុលោមតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណទាំង ៤ ដំណាក់កាល យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្មវិធីកំណែទម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី១ ដល់ទី៤ និងយុទ្ធសាស្រ្តកៀរគរចំណូល ២០១៤-២០១៨ និង២០១៩-២០២៣។ ផ្អែកលើក្របខ័ណ្ឌគោលនយោបាយទាំងនេះអគ្គនាយកដ្ឋានពន្ធដារបានអនុវត្តយ៉ាងជោគជ័យនូវផែនការយុទ្ធសាស្ត្រ ២០១៩-២០២៣ និងបន្តអនុវត្តផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨ ជាមួយនឹងទស្សនវិស័យនៃការកសាងរដ្ឋាបាលសារពើពន្ធមួយដែលត្រូវបានជឿជាក់ គោរព និងទទួលស្គាល់លើគុណភាពនិងជំនាញ ក្នុងការប្រមូលចំណូលពន្ធក្នុងស្រុក ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព។ បន្ថែមលើនេះ បទបង្ហាញក៏បានលើកឡើងអំពីការអនុវត្តការងាររបស់អគ្គនាយកដ្ឋានពន្ធដារ ស្របតាមឧត្ដមានុវត្តន៍អន្តរជាតិនៃគោលការណ៍អភិបាលកិច្ចល្អ និងគុណាធិបេតយ្យ ចំនួន ៥គឺ ១. ការផ្ដោតការយកចិត្តទុកដាក់កម្រិតខ្ពស់ប្រកបដោយក្រមវិជ្ជាជីវៈក្នុងការដឹកនាំអង្គភាពទាំងមូល ២. ការអនុវត្តសកម្មភាពត្រួតពិនិត្យអង្គភាពទាំងមូលឱ្យបានគ្រប់ជ្រុងជ្រោយ ៣. ត្រូវមានតម្លាភាព និងគណនេយ្យភាពខ្ពស់ ៤. អនុវត្តការងារប្រកបដោយប្រសិទ្ធភាព និង៥. បង្ហាញអាកប្បកិរិយាប្រកបដោយសុចរិតភាព ។
សន្និសីទបានបញ្ចប់ទៅយ៉ាងជោគជ័យ និងទទួលបានលទ្ធផលជាវិជ្ជមាន ក្នុងស្មារតីទទួលខុសត្រូវ។ ជាមួយគ្នានេះ នៅក្នុងមតិបិទសន្និសីទ លោក Ruud De Mooji អនុប្រធាននាយកដ្ឋានកិច្ចការសារពើពន្ធនៃ IMF បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសន្និសីទ ព្រមទាំងជូនពរឱ្យជួបប្រទះនូវសេចក្ដីសុខគ្រប់ប្រការ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ជាពិសេសការវិលត្រឡប់ទៅមាតុប្រទេសវិញប្រកបដោយសុវត្ថិភាព៕