សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការពីបទដើរឆបោកម៉ូតូជាច្រើនខេត្ត

ដោយ៖ កំចាយ

កំពត÷ មន្ត្រីសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការ ពាក់ព័ន្ធករណីឆបោកម៉ូតូជាច្រើនករណីក្នុងខេត្តចំនួន៣។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យក្នុងសំណុំរឿងខាងលើ រួមមាន ១.ឈ្មោះ អន គឹមអឿន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិស្វាយជ្រុំលើ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។២. ឈ្មោះ មូល ចន្ថុល ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិខ្នារុង ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ។ ៣.ឈ្មោះ ជុំ វណ្ណា ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិស្វាយរៀង ឃុំស្វាយរៀង ស្រុកស្វាយរៀង ខេត្តស្វាយរៀង។ ៤.ឈ្មោះ ហ៊ុយ គា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិត្រពាំងត្រគៀត ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។

ប្រភពដដែលបានរៀបរាប់ថា ចាប់តាំងពីខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៦ ខែមេសា ក្រុមជនសង្ស័យបានធ្វើសកម្មភាពឆបោកម៉ូតូជាច្រើនលើកក្នុងទឹកដីខេត្តកំពត ខេត្តកែប និងខេត្តតាកែវ។ កាលពីថ្ងៃទី២២ ខែមីនា ក្រុមនេះបានរួមគ្នាឆបោកយកម៉ូតូក្នុងភូមិសាស្ត្រខេត្តកំពតទើបជនរងគ្រោះដាក់បណ្តឹងចូលសមត្ថកិច្ចដើម្បីចាត់ការ។

សមត្ថកិច្ចបានបញ្ជាក់ថា ដោយមានចំណារពីព្រះរាជអាជ្ញាអមសាលាដំបូង ទើបលោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌបានដឹកនាំការស៊ើបអង្កេតបឋម រហូតឈានទៅឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ត្រង់ចំណុចខាងជើងផ្សារសាមគ្គីទីរួមខេត្តកំពតតែម្តង។ ជាមួយការឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតបាននូវរថយន្ត១គ្រឿងម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2BR-7087 និងម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ដែលជាមធ្យោបាយធ្វើសកម្មភាព៕