សន្ដិសុខសង្គម

ចាប់ជនសង្ស័យ៦នាក់រឹបអូសគ្រឿងញៀនជិត២០០គីឡូក្រាម

ដោយ÷សុខុម
ភ្នំពេញ៖មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅថ្ងៃទី២៨មេសា២០២៤ បានបង្ហាញជនសង្ស័យជួញដូរគ្រឿងញៀនឆ្លងដែនចំនួន៦នាក់និងភស្តុតាងគ្រឿងញៀនដល់ទៅជិត២០០គីឡូក្រាមកសាងសំណុំរឿងបញ្ជូនទៅតុលាការ។


ផេកផ្លូវការមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ហាញថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៩) ដឹកនាំដោយលោក វរសេនីយ៍ឯក សេង សុផល នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ភ្លៀន នឿន ជាមន្ត្រីនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវស៊ើបអង្កេតជាង ៣ខែ រហូតឈានទៅបង្ក្រាបករណីជាក់ស្តែង កំពុងធ្វើសកម្មភាពជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅ ០៥ ទីតាំងផ្សេងៗគ្នាជាបន្តបន្ទាប់៖
ទីតាំងទី១នៅចំណុចទល់មុខស្ថានីយទឹកស្អាត សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ទី២-ក្នុងបន្ទប់លេខ១១១៨ ជាន់ទី១១ ក្នុងខុនដូមេគង្គវីយូ៦ សង្កាត់-ខណ្ឌជ្រោយចង្វា។
ទី៣-បន្ទប់លេខ១១១០ ខុនដូហែនលេន ភូមិកៀនឃ្លាំង សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា។
ទី៤-ផ្ទះលេខ៦១ ផ្លូវ V-03 បុរីដឺហ្លររ៉ា ផ្លូវជាតិលេខ៦អា ភូមិក្តីចាស់ សង្កាត់បាក់ខែង។
ទី៥-ផ្ទះលេខ៣២អ៉ី (16E) ផ្លូវជាតិលេខ៦អា ក្រុម១០ ភូមិក្រោលគោ សង្កាត់-ខណ្ឌឬស្សីកែវ។


ជនសង្ស័យចំនួន៦នាក់រួមមាន៖
១-ឈ្មោះ លី ប៊ុនមីន ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៧១ ជាមេខ្លោង ហើយមានដីកាចាប់បង្គាប់ឲ្យចាប់ខ្លួនផងដែរ, ២-ឈ្មោះ ប៊ុន ណាវី ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ ១៩៦៤, ៣-ឈ្មោះ លី មីង ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ២០០១, ៤-ឈ្មោះ ប៊ុន ម៉ាលីស ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ១៩៧៤, ៥-ឈ្មោះ ស៊ុយ ឆេងឡាង ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ២០០០, ៦-ឈ្មោះ កេះ ស្រីពេញ ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ១៩៩៩។

ក្នុងនោះចាប់យកវត្ថុតាង គ្រឿងញៀន៖១-មេតំហ្វេតាមីន (ICE) ទម្ងន់ ១៥៨គីឡូក្រាម និង២៤ក្រាម។២-កេតាមីន (Ketamine) ទម្ងន់ ២២គីឡូក្រាម និង៦៨៤ក្រាម។
៣-ហេរ៉ូអ៊ីន (Heroine) ទម្ងន់ ៧គីឡូក្រាម និង៤៣៤ក្រាម សរុបគ្រឿងញៀនទម្ងន់ ១៨៨គីឡូក្រាម ១៤២ក្រាម។

ក្រៅពីនេះចាប់យកទ្រព្យសម្បត្តិ ដែលសង្ស័យជាផលកើតចេញពីបទល្មើសគ្រឿងញៀន រួមមាន ៖
សាច់ប្រាក់ជាង ៣០ម៉ឺនដុល្លារអាមេរិក,អចលនទ្រព្យ រថយន្ត គណនីធនាគារ ប្រមាណតម្លៃ រាប់លានដុល្លារអាមេរិក៕