សន្ដិសុខសង្គម

ឃាត់ខ្លួន២នាក់រឹបអូសគ្រឿងញៀនជិត២៨គីឡូក្រាម

ដោយ÷សុខុម
ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃ២៨មេសា២០២៤ បានបង្ហាញមុខសញ្ញាជនសង្ស័យនិងភស្តុតាងបង្រ្កាបបានគ្រឿងញៀនមានទម្ងន់ដល់ទៅជិត២៨គីឡូក្រាម។


ប្រភពបានអោយដឹងថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) កាលពីថ្ងៃទី២៥មេសា២០២៤ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ មានការដឹកនាំ សម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងកាហ្វេមួយកន្លែង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ២នាក់៖ ឈ្មោះ សុខ គោកា ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៩៦ និងឈ្មោះ គង់ សុជាតិ ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៨២។

ចាប់យកវត្ថុតាងគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ទម្ងន់ ២៣០១០ក្រាម និងគ្រឿងញៀនប្រភេទកេតាមីន ទម្ងន់ ៤៩៨០ក្រាមសរុបគ្រឿងញៀនចាប់យកទម្ងន់ ២៧៩៩០ក្រាម (២៧គីឡូក្រាម ៩៩០ក្រាម)។

ក្រោយបង្រ្កាបជនសង្ស័យនិងវត្ថុតាងមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕