ដោយ៖សុខុម
កំពង់ស្ពឺ ៖ ទាហានចំនួន២០នាក់បាត់បង់ជីវិតនៅក្នុងឧបទ្វេវហេតុឆេះឃ្លាំងស្តុកគ្រាប់បច្ចេកទេសកាលពីថ្ងៃទី២៧មេសា២០២៤ ក្នុងទីបញ្ជាការយោធភូមិភាគទី៣ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
របាយការណ៍ពីសមត្ថកិច្ចបឋមបានបញ្ជាក់ថាមនុស្សចំនួន ២០នាក់ (ស្លាប់) ក្នុងនោះ មាននាយទាហានខេត្តកោះកុងចំនួន ១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគ ចំនួន ៥នាក់ ។
ចំពោះអាវុធ-គ្រាប់ ដឹកមកពីខេត្តកោះកុងមាន រថយន្ត០៥គ្រឿង (ផ្ទុះខ្ទេចរថយន្ត ១គ្រឿងរួមទាំងអាវុធគ្រាប់នៅលើរថយន្ត, រថយន្តមួយគ្រឿងទៀត ខូចធ្ងន់ធ្ងរផ្នែកខាងក្រៅ តែអាវុធគ្រាប់នៅលើរថយន្ត, ០៣គ្រឿងទៀត មិនទាន់បានដាក់អាវុធគ្រាប់ចុះ)។អាវុធគ្រាប់ នៅក្នុងឃ្លាំងបច្ចេកទេស ទីបញ្ជាការយោធភូមិភាគ (មិនទាន់សរុបបាន) ។
អគារខូចខាតធ្ងន់ធ្ងរ ចំនួន០៤ខ្នង (អាវុធគ្រាប់ក្នុងឃ្លាំង០៣ខ្នង ខូចខាតទាំងស្រុង,អគារស្នាក់នៅ០១ខ្នង និងអគារការិយាល័យក្នុងទីបញ្ជាការយោធភូមិភាគ ខូចខាតផ្នែកខាងក្រៅរួមមានទ្វារ បង្អួច និងដំបូល) ។ខូចខាតផ្ទះប្រជាពលរដ្ឋជុំវិញ ទីបញ្ជាការយោធភូមិភាគ ចំនួន ២៥ខ្នង។
ប៉ុន្តែជុំវិញគ្រោះមហន្តរាយដ៏ធំនេះគេនៅមិនទាន់បានដឹងច្បាស់ពីមូលហេតុពិតប្រាកដនៅឡើយទេហើយក៏នៅមិនទាន់បានសរុបពីការខូចខាតបានច្បាស់លាស់នៅឡើយដែរ។ បច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ចគឺកំពុងតែស៊ើបអង្កេតឲ្យបានច្បាស់លាស់ពីរឿងនេះ៕