សន្ដិសុខសង្គម

អាវុធហត្ថផ្ទៃប្រទេសម្នាក់បើករថយន្តបុកដាច់បង្គោលភ្លើង

ដោយ៖សុខុម
ក្រចេះ៖ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់បានជួបគ្រោះថ្នាក់ចរាចរកាលពីយប់ថ្ងៃទី ២៧ មេសា ២០២៤ នៅចំណុចមុខវិមានសព ស្ថិតនៅភូមិស្រែស្តៅ សង្កាត់អូរឫស្សី២ ក្រុងក្រចេះ។

សមត្ថកិច្ចបាននិយាយឲ្យដឹងថា ជនរងគ្រោះឈ្មោះ តែម សុឃាន ភេទប្រុស អាយុប្រហែល៤៤ឆ្នាំ បើកបររថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ2H.8587 ។


មុនពេលកើតហេតុ រថយន្តខាងលើបានបើកបរដោយមន្រ្តីអាវុធហត្ថក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតធ្លាក់ចេញពីថ្នល់បណ្តាលឲ្យក្រឡាប់ជាច្រើនត្រឡប់ហើយក៏ជ្រុលទៅបុកបង្គោលភ្លើង១ដើមដាច់ចរន្តអគ្គិសនីទាំងយប់និងបង្កការខូចខាតរបងថ្មប្រវែងប្រហែល១០ម៉ែត្រ។


ក្រោយកើតហេតុ មន្ត្រីកងរាជអាវុធក្រុងក្រចេះបានទៅដល់ជួយអន្តរាគមន៍ដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ។រីឯរថយន្តមន្ត្រីជំនាញស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងក្រចេះជាបណ្ដោះអាសន្ន៕