ប្រែសម្រួល៖រតនា
ភ្នាក់ងារប៉ូលិសបានឲ្យដឹងថា កាលពីរសៀលថ្ងៃសុក្រមានបុរសអាយុ ៨៤ ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងស្រះទឹកនៃទីលានវាយកូនហ្គោល Bronx ។
មន្រ្តីប៉ូលិសបានទទួលទូរសព្ទលេខ ៩១១ ក្រោយម៉ោង ២ រសៀលដើម្បីជួយសង្គ្រោះជនរងគ្រោះចេញពីក្នុងទឹក បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថាមានបុរសដ៏ចំណាស់ម្នាក់បានដួលសន្លប់ និងមិនអាចឆ្លើយតបបានអណ្តែតក្នុងទឹកនៅឯទីលានវាយកូនហ្គោល Pelham Bay & Split Rock ។
ក្រុមអាជ្ញាធរមានសមត្ថកិច្ចបាននិយាយថាគេប្រទះឃើញរទេះវាយកូនហ្គោលត្រូវបានទុកចោលនៅជាប់នឹងស្រះទឹក។ សមត្ថកិច្ចបានប្រាប់ភ្នាក់ងារ The Post ថាគេនៅមិនទាន់ដឹងច្បាស់ទេថាតើគាត់ជាកីឡាករវាយកូនហ្គោលសកម្មដែលកំពុងប្រើរទេះនេះឬមួយយ៉ាងណានោះទេ។
អត្តសញ្ញាណរបស់ជនរងគ្រោះមិនត្រូវបានសមត្ថកិច្ចប្រាប់ឲ្យដឹងនោះទេគឺត្រូវរង់ចាំការជូនដំណឹងពីក្រុមគ្រួសារ។
មូលហេតុនៃការស្លាប់របស់បុរសនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតបន្តក៏ប៉ុន្តែប៉ូលិសបាននិយាយថានៅមិនទាន់មានតម្រុយដែលអាចដាក់ការសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងមនុស្សឃាតនៅក្នុងពេលនេះនោះទេ។
ទីភ្នាក់ងារសារព័ត៌មាន ប៉ុស្តិ៍ បានទាក់ទងទៅបុគ្គលិកបំរើការក្នុងទីលានវាយកូនហ្គោល Pelham Bay & Split Rock ដើម្បីសុំធ្វើការអត្ថាធិប្បាយបន្ថែមក៏ប៉ុន្តែមិនអាចទទួលបានភ្លាមៗនោះទេ៕