ព័ត៌មានជាតិ

វឌ្ឍនភាពការងារជួសជុលប្រាសាទជម

សៀមរាប៖ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ(KCHF) កំពុងជួសជុលពង្រឹងគ្រឹះប្រាសាទជម តាមបច្ចេកទេសអាណាស្ទីឡូសឱ្យមានភាពប្រសើរឡើងវិញ។

(រូបភាព៖ លោក ភោគ ជា/ថៃ យ៉ាម៉ង់)

ស្ថាបត្យករកូរ៉េ ដែលកំពុងអនុវត្តគម្រោងជួសជុលប្រាសាទជម លោក EO JINKYU ឱ្យដឹងថា នេះគឺជាដំណាក់កាលនៃការត្រូវពង្រឹងគ្រឹះនៃប្រាសាទ ដែលត្រូវរៀបខឿនទាំងបីស្រទាប់របស់ប្រាសាទឡើងវិញជាមុនសិន បន្ទាប់មក ទើបអាចរៀបចំផ្នែកខាងក្នុងនៃគ្រឹះ។
ក្នុងការរៀបចំគ្រឹះនេះ សម្រាប់កន្លែងណាដែលមានថ្មបាយក្រៀមចាស់ ដែលនៅល្អមានគុណភាពរឹងមាំ គឺត្រូវរក្សាទុកដដែល ប៉ុន្តែ សម្រាប់កន្លែងដែលមានថ្មបាយក្រៀមពុកផុយ អស់គុណភាព គឺត្រូវប្ដូរជំនួសដោយថ្មបាយក្រៀមថ្មី។

(រូបភាព៖ លោក ភោគ ជា/ថៃ យ៉ាម៉ង់)

លោក EO JINKYU ឱ្យដឹងទៀតថា ការជួសជុលប្រាសាទជម មានបញ្ហាលំបាកច្រើន ដោយសារស្ថានភាពប្រាសាទខូចខាតធ្ងន់ធ្ងរ ដូចជា ថ្មមានការខូចខាតច្រើន ទាមទារឱ្យជួសជុលឡើងវិញ។ ថ្មខ្លះជាប្រភេទថ្មប្រើប្រាស់ឡើងវិញដែលដូនតាបានយកពីប្រាសាទផ្សេងៗ ធ្វើឱ្យពិបាករកថ្មផ្គុំឡើងវិញ និងការពិបាកកំណត់ទីតាំងដើមនៃថ្មជាដើម។

បើទោះបីជាយ៉ាងណាក្តី ក្នុងរយៈពេល៧ខែចុងក្រោយនេះ ក្រុមការងារបានខិតខំប្រឹងប្រែងដំឡើងគ្រឹះថ្មីរបស់ប្រាសាទជមបាន៨០ភាគរយ ជួសជុលថ្មដែលខូចគុណភាព សម្រង់ប្លង់ថ្មនីមួយៗ បានផ្គុំហោជាង និងកំពូលផ្កាឈូកចេញជារូបរាង ឡើងវិញបានមួយចំនួន និងបានបញ្ចប់គូសប្លង់ រូបភាពទាំងបួនទិសហើយ។

គម្រោងជួសជុលប្រាសាទជម បានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ ហើយត្រូវបានផ្អាកមួយរយៈពេល ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។
ប៉ុន្តែកាលពីឆ្នាំ២០២១ គម្រោងជួសជុលបានចាប់ផ្តើមឡើងវិញ ហើយបន្តរហូតមកដល់បច្ចុប្បន្ន៕

អត្ថបទ៖ ឆាយ ផាន់នី

(រូបភាព៖ លោក ភោគ ជា/ថៃ យ៉ាម៉ង់)