ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ៖ កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពីការ លើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ២០២៤-២០២៨ សម្រាប់ខេត្តបន្ទាយមានជ័យ បានធ្វើឡើងនាថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីនៃរដ្ឋបាលគឺគណ:អភិបាល ក្រុមប្រឹក្សា មន្ទីរ អង្គភាពស៊ីវិល នគរបាល កងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទ ខេត្ត ស្រុកក្រុង និងមេឃុំ ចៅសង្កាត់មកពីទូទាំងខេត្ត ។
លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា: រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ស្ថិតក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់កំណើនការងារសមធម៌និងប្រសិទ្ធភាព និងចិរភាពដោយផ្ដោតលើវិស័យអាទិភាពចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាពោលគឺដើម្បីបន្តកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និង២០៥០ ជាប្រទេសមានចំណូលខ្ពស់។
លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា : ផែនការយុទ្ធសាស្ត្រនេះបានកំណត់នូវយុទ្ធសាស្ត្រសំខាន់ៗ ដោយផ្ដោតលើការបណ្តុំការងារ ឬចង្កោមសកម្មភាពធំៗដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ រួមមានការពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ការគ្រប់គ្រងពន្ធនាគារ ការអភិវឌ្ឍស្ថាប័ននិងធនធានមនុស្ស និងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ។បានលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈនិងក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងការងារបច្ចេកវិទ្យាឌីជីថលយុទ្ធសាស្ត្រនីមួយៗ បានកំណត់នូវសកម្មភាពជាអាទិភាពសំខាន់ៗ ដែលត្រូវរៀបចំនិងអនុវត្តដោយអង្គភាពពាក់ព័ន្ធនានា ចំណុះក្រសួងមហាផ្ទៃដើម្បីធានាដល់ការសម្រេចបាននូវគោលដៅគោលបំណងនិងចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រនេះ។
លោកសន្តិបណ្ឌិត សុខ ផល ថ្លែងទៀតថា: ការបន្តការការពារឲ្យបានដាច់ខាតនូវសន្តិភាព ឯករាជ្យអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយនិងការធានារក្សានានាសន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ការលើកកម្ពស់សិទ្ធិសេរីភាពប្រជាធិបតេយ្យនិងការអភិវឌ្ឍប្រទេសជាតិ នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៕