ដោយ÷សុខុម
ស្ទឹងត្រែង÷លោកវរសេនីយ៍ឯក សេង សុភាព ជាអតីតមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងត្រូវបានដំឡើងឋានន្តរសក្តិជាឧត្តមសេនីយ៍ត្រី និងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងជំនួសលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ដែលនឹងត្រូវទៅទទួលភារកិច្ចថ្មី។ពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិនេះបានរៀបចំឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី២៥ មេសានេះ ដោយមានការអញ្ជើញចូលរួមពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង, លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ,ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តអញ្ជើញចូលរួម។
បន្ទាប់ពីមតិផ្តាំផ្ញើរបស់លោក ស្វាយ សំអ៊ាង និងលោកនាយឧត្តមសេនីយ៍ សៅ សុខា លោកឧត្តមសេនីយ៍ត្រី សេង សុភាព ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដែលទើបបានប្រកាសចូលកាន់តំណែងបានធ្វើការប្តេជ្ញាចិត្តថា៖ ស្មោះត្រង់អស់មួយជីវិតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល គឺហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារសន្តិភាពឱ្យនៅគង់វង្សជារៀងរហូត និង លើកកម្ពស់ចំណេះដឹងរៀនសូត្រ អំពីច្បាប់ លក្ខខណ្ឌន្តិកៈ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ដើម្បីតម្រង់ទិសក្នុងប្រតិបត្តិការ បង្ការបង្រ្កាប សង្រ្គោះ ដោយអនុវត្តតាមគោលការណ៍ច្បាប់ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងថ្មី បានប្តេជ្ញាចិត្តបន្តថានឹងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នច្បាប់ អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងខេត្តស្ទឹងត្រែងទាំងមូល ដើម្បីរួមគ្នាការពារ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ឱ្យបានល្អប្រសើរ និងខិតខំយកចិត្តទុកដាក់ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថដូចជា ហូបចុក ស្លៀកពាក់ ជំរំ ជម្រកស្នាក់នៅ សុខភាព អប់រំរៀនសូត្រ រក្សាគ្រប់មធ្យោបាយ គ្រឿងបំពាក់ ការកសាងសប្បាយ និងដោះស្រាយដល់យោធិន នៃកងរាជអាវុធហត្ថ ក្រោមឱវាទ ដោយរស់នៅក្នុងផែនឯកភាព សាមគ្គីភាព ជាធ្លុងមួយ រួមជាមួយស្នាមញញឹម ដោយក្តីស្រឡាញ់ ក្នុងមនោសញ្ចេតនា ជាបងប្អូនទាំងក្នុងការរស់នៅក៏ដូចជាក្នុងការបំពេញការងារ៕