ព័ត៌មានជាតិ

បន្ទាយមានជ័យត្រួតពិនិត្យផ្ទៃក្នុងផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារឆ្នាំ២០២៣និងបណ្តាឆ្នាំពាក់ព័ន្ធ

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ ៖នៅថ្ងៃទី២៤ខែមេសាឆ្នាំ២០២៤ ខេត្តបន្ទាយមានជ័យបានរៀបចំប្រជុំបើកសវនកម្មផ្ទៃក្នុង ផ្នែករដ្ឋបាលស៊ីវិល  ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ខេត្តនេះ ។

លោកឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃជាអធិបតីភាពនិងមានការចូលរួមពី លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត  លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងលោក លោកស្រី អភិបាល ក្រុង ស្រុក លោកអធិការនគរបាលក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់និងលោកនាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ សង្កាត់ទាំង៦៧ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរាយការណ៍ថា៖កាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅរដ្ឋបាលខេត្តបន្ទាយមានជ័យ បានទទួលយកនូវអនុសាសន៍របស់គណៈប្រតិភូសវនកម្មចំនួន២១ចំណុច ហើយអនុសាសន៍នេះបានដើរតួជាត្រីវិស័យ ជាទិសដៅអាទិភាព ដើម្បីកែលម្អនិងមានការត្រួតពិនិត្យតាមដានអំពីលទ្ធផលប្រចាំឆ្នាំនៅរៀងរាល់ពេលប្រជុំគណៈអភិបាលប្រចាំខែនិងបានសម្រេចអនុសាសន៍ស្ទើរទាំងស្រុង ។

កន្លងមករដ្ឋបាលខេត្ត បានអនុវត្តនូវវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាលជាច្រើនក្នុងការដោះស្រាយនូវការលំបាក ក្តីកង្វល់និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋតាមរយៈការលើកកម្ពស់ការផ្តល់សេវារដ្ឋបាលនិងសេវាសាធារណៈ ។

ជាក់ស្តែងកាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះជួបប្រជុំជាមួយរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ អធិការនគរបាល នាយប៉ុស្តិ៍រដ្ឋបាល នគរបាលឃុំ សង្កាត់ គ្រប់ស្រុក ក្រុងទាំង៩ ក្នុងខេត្ត ក្នុងគោលបំណងពិនិត្យអំពីសមត្ថភាព លទ្ធផលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋទាំងសេវាតម្រូវការនិងសេវាសំណូមពរឲ្យកាន់តែល្អប្រសើរ ដោយបានដាក់ចេញនូវគោលដៅខេត្តបន្ទាយមានជ័យ ជាខេត្តផ្តល់សេវាល្អជាគំរូ ជាពិសេសការងារផ្តល់អត្រានុកូលដ្ឋាននិងសេវាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ។

ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បានឲ្យដឹងថា៖តួនាទីសវនកម្មផ្ទៃក្នុង មានគោលបំណងក្នុងការត្រួតពិនិត្យលើប្រតិបត្តិការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពនីមួយៗ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព  គណនេយ្យភាព និងភាពសន្សំសំចៃ ព្រមទាំងការចូលរួមទប់ស្កាត់ការខ្ជះខ្ជាយក្នុងការប្រើប្រាស់ធនធានរបស់រដ្ឋ ។

លោកអគ្គនាយក បានបន្តថា៖ការចុះធ្វើសវនកម្មផ្ទៃក្នុងគឺជាទិដ្ឋភាពមានលក្ខណៈជាប្រព័ន្ធដែលគូសបញ្ជាក់អំពីលទ្ធផលឆ្លើយតបទៅនឹងការចូលរួមចំណែកជួយពង្រឹងនូវការងារស្នូលរបស់សវនដ្ឋាននីមួយៗ និងអង្គភាពពាក់ព័ន្ធក្រោមការត្រួតពិនិត្យនិងវាយតម្លៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យស៊ីជម្រៅបន្ថែមទៀត លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(ចំណូល-ចំណាយ)ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិកព្រមទាំងការគ្រប់គ្រងជនជាប់ឃុំ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក អភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕