ប្រែសម្រួល៖ ស-សម្បត្តិ
ព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃអង្គារ បានអនុម័តក្នុងសម្លេងយ៉ាងច្រើនលើសលុបនូវកញ្ចប់ជំនួយចំនួន ៩៥.៣ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់ហើយបានបញ្ជូនទៅលោកប្រធានាធិបតី Biden ជាបន្ទាន់ដើម្បីចុះហត្ថលេខាជាកិច្ចបញ្ជប់នីតិវិធី។
សភាជាន់ខ្ពស់បានបោះឆ្នោត ៧៩-ទល់នឹង១៨ សម្រាប់ជំនួយបរទេសដែលបានឆ្លងកាត់សភាកាលពីថ្ងៃសៅរ៍ ដែលក្នុងនោះរួមមានជំនួយសម្រាប់អ៊ូយក្រែន ៦០.៨ ពាន់លានដុល្លារនិង ១៧ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល។ លោក Biden ក្នុងអាយុ ៨១ ឆ្នាំបានថ្លែងថា គាត់នឹងចុះហត្ថលេខា “ភ្លាមៗនៅពេលមកដល់លើតុរបស់គាត់ យើងអាចចាប់ផ្តើមបញ្ជូនអាវុធនិងឧបករណ៍ទៅអ៊ុយក្រែននៅក្នុងសប្តាហ៍នេះ” ។
“តម្រូវការគឺវាបន្ទាន់ណាស់សម្រាប់អ៊ុយក្រែនដោយសារតែកំពុងរងការទម្លាក់គ្រាប់បែកមិនឈប់ឈរពីរុស្ស៊ី។ ចំណែកអ៊ីស្រាអែល ដែលទើបតែប្រឈមមុខនឹងការវាយប្រហារមិនធ្លាប់មានពីប្រទេសអ៊ីរ៉ង់ និងជំនួយមនុស្សធម៌សម្រាប់ជនភៀសខ្លួន និងអ្នកដែលរងផលប៉ះពាល់ដោយជម្លោះ និងគ្រោះមហន្តរាយធម្មជាតិនៅជុំវិញពិភពលោក រួមទាំងនៅហ្គាហ្សា ស៊ូដង់ និងហៃទីផងដែរ។ មួយផ្នែកទៀតគឺសម្រាប់ដៃគូសហការរបស់យើងដើម្បីកសាងសន្តិសុខ និងស្ថិរភាពនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក” លោកបានបន្ថែមថា សូមអរគុណដល់ថ្នាក់ដឹកនាំព្រឹទ្ធសភា។
“ច្បាប់ដ៏មានសារសំខាន់នេះនឹងធ្វើឲ្យប្រទេសជាតិរួមទាំងពិភពលោកកាន់តែមានសុវត្ថិភាព នៅពេលដែលយើងគាំទ្រមិត្តរបស់យើងដែលកំពុងការពារខ្លួនប្រឆាំងនឹងពួកភេរវករដូចជាក្រុមហាម៉ាស និងពួកជនផ្តាច់ការដូចជា ប្រធានាធិបតីរុស្ស៊ី Vladimir Putin ជាដើម”។
មេដឹកនាំសម្លេងភាគច្រើននៃព្រឹទ្ធសភាលោក Chuck Schumer បានបញ្ជូនច្បាប់សន្តិសុខជាតិស្រដៀងគ្នានេះទៅសភាកាលពីជាងពីរខែមុន ប៉ុន្តែប្រធានសភា Mike Johnson និងគណបក្សសាធារណរដ្ឋបានច្រានចោលកញ្ចប់ជំនួយបរទេសដោយសារតែរដ្ឋាភិបាលមិនបានផ្តល់មូលនិធិបន្ថែមសម្រាប់សន្តិសុខព្រំដែនអាមេរិក។
Schumer បានប្រកាសនៅព្រឹទ្ធសភាមុនការអនុម័តចុងក្រោយថា “ថ្ងៃនេះព្រឹទ្ធសភាបានផ្ញើសារបង្រួបបង្រួមមួយទៅកាន់ពិភពលោកទាំងមូលថា អាមេរិកនឹងការពារលទ្ធិប្រជាធិបតេយ្យជានិច្ចនៅក្នុងពេលចាំបាច់យើងចង់ប្រាប់ទៅសម្ព័ន្ធមិត្តរបស់យើងថា ‘យើងឈរជាមួយពួកគេ’; យើងប្រាប់សត្រូវរបស់យើងថា ‘កុំរញ៉េរញ៉ៃជាមួយយើង’; យើងប្រាប់ពិភពលោកថា “យើងនឹងធ្វើដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងការរស់នៅរបស់យើង” គាត់បាននិយាយថា”ការងារដែលជាប់គាំងអស់រយៈពេលប្រាំមួយខែត្រូវបានដោះស្រាយរួចរាល់ហើយ” ។
“ប្រវត្តិសាស្ត្រនឹងកត់ត្រាថា សូម្បីតែសម្ព័ន្ធមិត្ត និងដៃគូក៏អាចមានការព្រួយបារម្ភអំពីការតាំងចិត្តរបស់យើង សូម្បីតែទីក្រុងម៉ូស្គូ ប៉េកាំង និងទីក្រុងតេអ៊ីរ៉ង់កាន់តែយល់ច្បាស់ថា ឥទ្ធិពលរបស់យើងមានឧត្តមភាពខ្លាំងក្លាណាស់។
សមាជិកព្រឹទ្ធសភានៃសាធារណរដ្ឋ លោក Mike Lee បានសហការជាមួយព្រឹទ្ធសភាឆ្វេងនិយម Bernie Sanders (I-Vt.) ដើម្បីអំពាវនាវឲ្យមានវិសោធនកម្មច្បាប់នេះដើម្បីកាត់បន្ថយការផ្តល់មូលនិធិមួយចំនួនសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែលរៀងៗខ្លួន ប៉ុន្តែត្រូវបានបោះឆ្នោតទម្លាក់ដោយសហការីរបស់ពួកគេ។ ទាំងសមាជិកព្រឹទ្ធសភាមិនបានបោះឆ្នោតសម្រាប់ការអនុម័តចុងក្រោយនៃច្បាប់នេះទេ។
ជំនួយបរទេសនេះក៏រួមបញ្ចូលផងដែរនូវទឹកប្រាក់ចំនួន ៩ ពាន់លានដុល្លារក្នុងទម្រង់ជាជំនួយមនុស្សធម៌សម្រាប់តំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាមដូចជា Gaza Strip និងអ៊ុយក្រែន។
អ៊ុយក្រែនត្រូវការទាហានច្រើនជាងការរំពឹងទុក ហើយវាត្រូវការសម្ភារច្រើនជាងនេះថែមទៀតដែលសហរដ្ឋអាមេរិកអាចផ្តល់ឲ្យបាន។ លោក Graham (R-SC) បានឆ្លើយតបនៅក្នុងបទសម្ភាសន៍របស់ ទីភ្នាក់ងារFox News កាលពីថ្ងៃអាទិត្យថា ពួកគេត្រូវការអាវុធ។នៅទីបញ្ចប់ គណបក្សសាធារណរដ្ឋចំនួន ១៥ នាក់ រួមទាំងប្រធានសន្និសីទព្រឹទ្ធសភា លោក John Barrasso (Wyo ) និងគណបក្សប្រជាធិបតេយ្យបីនាក់បានបោះឆ្នោតប្រឆាំងនឹងជំនួយបរទេសនេះ។
កាលពីខែតុលាឆ្នាំមុន លោក Biden បានអំពាវនាវឲ្យសភាអនុម័តកញ្ចប់ថវិការបន្ថែមលើវិស័យសន្តិសុខជាតិចំនួន ១០៦ ពាន់លានដុល្លាររួមជាមួយនឹង ៦១.៤ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ១៤.៣ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល ៩.១៥ ពាន់លានដុល្លារជាជំនួយមនុស្សធម៌និងប្រហែល ២ ពាន់លានដុល្លារសម្រាប់តៃវ៉ាន់និងឥណ្ឌូប៉ាស៊ីហ្វិក។ព្រឹទ្ធសភាបានអនុម័តកញ្ចប់ថវិកាចំនួន ៩៥ ពាន់លានដុល្លារទាបជាងនេះបន្តិចនៅក្នុងខែកុម្ភៈ ប៉ុន្តែលោក Johnson (R-La.) បានប្រកាសថាសន្និសីទរបស់គាត់នឹង “ធ្វើតាមឆន្ទៈរបស់ខ្លួន” លើការផ្តល់មូលនិធិនេះ។
ច្បាប់កញ្ចប់ថវិកាចំនួន ៤ដាច់ដោយឡែក ដែលមានទំហំជិតដូចគ្នានៅក្នុងខែមេសា ដោយគម្រោងចង់កែប្រែបន្តិចបន្តួចដូចជាចង់ផ្តល់ជំនួយចំនួន ៩៥ ពាន់លានដុល្លាររបស់អ៊ុយក្រែនឲ្យទៅក្នុងទម្រង់ប្រាក់កម្ចី ដែលជាការបំផុសគំនិតរបស់អតីតប្រធានាធិបតី Donald Trump។
អាមេរិកបានអនុញ្ញាតឲ្យរឹបអូសទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ីចំនួន ៥ ពាន់លានដុល្លារផងដែរ ដើម្បីជួយអ៊ុយក្រែនក្នុងការកសាងឡើងវិញបន្ទាប់ពីបញ្ចប់សង្រ្គាម។ ហើយអាមេរិកបានបញ្ជាឲ្យក្រុមហ៊ុនបច្ចេកវិទ្យារដ្ឋរបស់ចិន ByteDanceបញ្ឈប់វេទិកាផ្សព្វផ្សាយសង្គម TikTok ក្នុងរយៈពេលមួយឆ្នាំ។
McConnell បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា “ការពន្យារពេលពីរខែគឺ “បង្កឲ្យមានហានិភ័យ” គាត់អំពាវនាវឲ្យបង្កើនថវិកាការចំណាយលើវិស័យការពារជាតិនៅក្នុងច្បាប់ថិវិកាជាតិនាពេលខាងមុខ។
តំណាងរាស្រ្ត Marjorie Taylor Greene (R-Ga.) បានគម្រាមដកប្រធានសភាចេញ សម្រាប់ការនាំយកច្បាប់នេះមកអនុម័តដែលក្រោយមកគាត់ក៏បានចូលរួមដោយ Reps. Thomas Massie (R-Ky.) និង Paul Gosar (R-Ariz.)។
លោក Johnson ដោយមានជំនួយពី House Democrats បានក្រោកឈរឡើងប្រឈមជាមួយនឹងសមាជិកនៃគណបក្សផ្ទាល់ខ្លួនរបស់គាត់ ដោយអនុញ្ញាតឲ្យច្បាប់ទាំងបួនអនុម័តរួចរាល់នៅសេសសល់តែវិធានការលម្អិតសម្រាប់អ៊ុយក្រែនតែប៉ុណ្ណោះដែលត្រូវបានជំទាស់ដោយភាគច្រើននៃសមាជិកសភាបក្សសាធារណរដ្ឋ។
លោកប្រធានសភាបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ថា៖ “ សត្រូវចម្បងបីរបស់យើងគឺ រុស្ស៊ី អ៊ីរ៉ង់ និងចិន ដែលកំពុងធ្វើការជាមួយគ្នា “ការបង្កើនសមត្ថភាពរបស់ពួកគេគឺដើម្បីគំរាមកំហែងពិភពលោកសេរី ហើយទាមទារឲ្យអាមេរិកប្រកាន់គោលជ៊ហរជាអ្នកដឹកនាំពិភពលោក”។
លោកបានបន្ថែមថា ជិត ៨០% នៃមូលនិធិយោធារួមមានកញ្ចប់ភាគច្រើនសម្រាប់ស្តុកអាវុធ និងគ្រាប់រំសេវដែលផលិតដោយសហរដ្ឋអាមេរិកឡើងវិញ។
ក៏ប៉ុន្តែរឿងដ៏ចម្លែកដែលបាននិងកំពុងផ្ទុះឡើងជុំវិញផ្ទៃក្នុងរបស់បក្សសាធារណរដ្ឋនោះគឺថាលោកស្រី Greene និង Massie បានព្យាយាមអំពាវនាវឲ្យលោក Johnson លាលែងពីដំណែងដោយសារតែគាត់បាននាំយកច្បាប់កញ្ចប់ជំនួយទៅអនុម័តនៅក្នុងសភានិងទាមទារឲ្យមានការប្រកួតប្រជែងគ្នាផ្នែកនីតិបញ្ញត្តិកាលពីអតីតកាលជុំវិញការផ្តល់មូលនិធិរបស់រដ្ឋាភិបាល និងការអនុញ្ញាតឲ្យមានភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកដែលមិនមានការធានាច្បាស់លាស់លើវិស័យសន្តិសុខជាតិ៕