សន្ដិសុខសង្គម

ចោទប្រកាន់មនុស្ស១១នាក់ក្រោយបង្រ្កាបគ្រឿងញៀនបានជាង១២០គីឡូក្រាម

ដោយ÷សុខុម
សៀមរាប÷តុលាការខេត្តសៀមរាបកាលពីថ្ងៃទី២១ខែមេសា ឆ្នាំ២០២៤ បានសម្រេចចោទប្រកាន់មនុស្សចំនួន១១នាក់ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត,ជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននិងបទល្មើសសម្អាតប្រាក់។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចខេត្តសៀមរាបនិងស្ទឹងត្រែង សហការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យម្នាក់ និង អាវុធខ្លីមួយដើមម៉ាកGLOCKនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

នៅពេលសួរចម្លើយជនសង្ស័យម្នាក់នោះនិងពិនិត្យទៅលើភស្តុតាងទើបស្រាវជ្រាវរកឃើញទីតាំងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់មួយកន្លែងស្ថិតនៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ សារធាតុញៀនដែលរកឃើញនោះគឺជាមេតំហ្វេតាមីន (ម៉ាទឹកកក) សរុបចំនួន១២១ដុំ លាក់ទុក នៅក្នុងរថយន្តម៉ាក Camry គូទហើមមួយគ្រឿង។

ក្រោយពីសមត្ថកិច្ចឆែកឆេរត្រួតពិនិត្យដកហូតគ្រឿងញៀននៅក្នុងរថយន្តមួយគ្រឿងនោះ វត្ថុតាងគ្រឿងញៀនមានទម្ងន់ស្មើនឹងទម្ងន់សរុប១២០គីឡូ៦៨៥ក្រាមក៏បានបញ្ជូនសំណុំរឿងទៅតុលាការ។

ដោយឡែកសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាបបានឲ្យដឹងថា ចំពោះសំណុំរឿងពាក់ព័ន្ធ
ខាងលើនេះតុលាការបានចោទប្រកាន់ជនសង្ស័យចំនួន ១១នាក់ ក្នុងនោះមានម្នាក់ជាជនជាតិឡាវ ពួកគេកំពុងរត់គេចខ្លួន។នៅក្នុងចំណោម១១ នាក់មានម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ហើយតុលាការមានចំណាត់ការរួចហើយ។

ទាក់ទងជនដែលត្រូវតុលាការចោទប្រកាន់និងអ្នកកំពុងរត់គេចខ្លួននោះ សមត្ថកិច្ចនិងតុលាការមិនទាន់បង្ហាញអត្តសញ្ញណនៅឡើយទេ៕