ដោយ÷សុខុម
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ នេះបាន ចុះអនុវត្តន៍ដីកាបញ្ជាឲ្យចូលខ្លួន របស់ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបាន នាំខ្លួនជនសង្ស័យឈ្មោះ ជូន គន្ធា នៅភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមដីកាបញ្ជារបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណី ញុះញង់ ប្រជាពលរដ្ឋឲ្យទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ និងប៉ុនប៉ងឆបោក ប្រព្រឹត្តទៅនៅស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ ។
សមត្ថកិច្ចបាននិយាយថា ការចាប់ខ្លួនលោក ជួន គន្ធា ក្រោយពីប្រកាសចែកដីជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ដីទាំងនេះ ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិរបស់រដ្ឋ និងជាដីសាធារណៈរបស់រដ្ឋ។
មុនមានរឿងកើតឡើង បុគ្គលឈ្មោះជួន គន្ធាប្រកាសចែកដីទៅឲ្យពលរដ្ឋ ក្នុងមួយឡូតិ៍ទំហំ ១០ម៉ែត្រ គុណនិង៣០ម៉ែត្រ ។ដីសរុប៦០០០ឡូតិ៍ ដោយយកប្រាក់មួយឡូតិ៍ ៤៥០ដុល្លារ ពីអ្នកចង់បានដីដើម្បីបង់ថ្លៃសេវារដ្ឋបាល ថ្លៃសេវាធ្វើផ្លូវ តប្រព័ន្ធភ្លើងទឹក៕