សន្ដិសុខសង្គម

ខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋជិត ៣០ខ្នងនៅតំបន់ព្រំដែន

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង៖ ខ្យល់កន្ត្រាក់រដូវក្តៅបោកបក់ខ្លាំងបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋជិត ៣០ខ្នងកាលពីល្ងាចមិញនៅតំបន់ព្រំដែនខេត្តបាត់ដំបង។

មន្ត្រីមូលដ្ឋានបានរាយការណ៍ឲ្យដឹងថា÷ គ្រោះធម្មជាតិខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងនេះ បានកើតឡើងនៅវេលាម៉ោងជិត ៥ល្ងាច ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ បានប៉ះពាល់លើឃុំចំនួន ២ ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង។

គ្រោះធម្មជាតិបង្កជាខ្យល់កន្ត្រាក់ និងធ្លាក់ភ្លៀងមួយមេធំក្នុងស្រុកសំពៅលូននេះដែរ បានប៉ះពាល់ខ្លាំងរួមមាន៖ ឃុំតាស្ដា ខូចខាតធ្ងន់ និងស្រាលលំនៅឋានរបស់ប្រជាពលរដ្ឋអស់ចំនួន ១២ ខ្នងផ្ទះ ដែលសាងសង់អំពីឈើប្រក់ដំបូលស័ង្កសី និងទី ២ ឃុំសន្តិភាពខូចខាតធ្ងន់ និងស្រាលលំនៅឋានរបស់ប្រជាពលរដ្ឋអស់ចំនួន ១៦ ខ្នងផ្ទះសង់ពីឈើប្រក់ដំបូលស័ង្កសី សរុបចំនួន ២៨ខ្នងផ្ទះតាមបណ្តោយតំបន់ព្រំដែន ស្រុកសំពៅលូន។

ប្រភពខាងលើបន្តថា÷ នៅព្រឹកថ្ងៃទី ២៣ មេសានេះ ក្រុមការងារកំពុងបន្តចុះពិនិត្យ និងស្រង់តួលេខខ្នងផ្ទះដែលរងផលប៉ះពាល់បន្ថែមទៀត៕